ព្រះវិហារ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះថ្ងៃ ៧ មករា ១៩៧៩-៧ មករា ២០២០ ក្រោមការរៀបចំប្រារព្ធធ្វើឡើង ដោយរដ្ឋបាលស្រុកជាំក្សាន្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦
ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ូ សិរី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា៖ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ដើម្បីសង្គ្រោះជាតិនិងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់រង្គាល នៅរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។
នៅក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ខាងលើនេះដែរ ក៏មានការចូលរួម ពីសំណាក់លោក ភីវ ឌៀន អភិបាលរងស្តីទី តំណាងលោកជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា មន្ទីរអង្គភាពពាក់ព័ន្ធខេត្ត ក្រុមប្រឹក្សាស្រុក/ឃុំ យុវជន សសយកស្រុក កាកបាទក្រហមកម្ពុជាស្រុក កាយរឹទ្ធិស្រុក និងប្រជាពលរដ្ឋ ប្រមាណ១៣០០០នាក់។
ឯកឧត្តម ស៊ូ សិរី បានថ្លែងបញ្ជាក់ថា «បើគ្មានរដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យសាសន៍ ក៏គ្មានជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា គឺគ្មានអ្វីៗ នៅថ្ងៃនេះឡើយ»។ ឯកឧត្តមបន្តថា៖ ក្នុងរយៈពេល៤១ឆ្នាំ កន្លងមកនេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចគោលដៅសំខាន់ៗ ដែលជាបំណងប្រាថ្នារបស់ប្រជាជន គឺរក្សាបាននូវសន្តិភាព ការអភិវឌ្ឍ និងការលើកស្ទួយកំរិតជីវភាពរស់នៅ របស់ប្រជាជនកាន់តែប្រសើរឡើងផ្ដល់នូវយុត្តិធម៌ ជំនឿទុកចិត្ត ខិតខំប្រឹងប្រែងលះបង់អ្វីៗទាំងអស់ ដើម្បីប្រជាជននិងសង្គមជាតិទាំងមូល។
ឯកឧត្តមស៊ូ សិរី បន្តបញ្ជាក់ថា «អរគុណសន្ដិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរជនដ៏អង់អាចក្លាហានរបស់កម្ពុជា បានធ្វើឱ្យកម្ពុជា មានសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ បើគ្មានសន្ដិភាព មិនអាចនិយាយទៅដល់អ្វីទាំងអស់, សន្ដិភាពជាបេះដូង របស់ប្រជាជនកម្ពុជាយើង»។ ដូច្នេះយើងទាំងអស់គ្នាត្រូវគាំទ្រសន្ដិភាព ត្រូវអរគុណសន្តិភាព ចូលរួមទាំងអស់គ្នាថែរក្សាសន្ដិភាព គាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ទៅកាន់សន្ដិភាព រឹងមាំជាបន្ដបន្ទាប់រៀងរហូត។
ទទឹមនឹងទទួលបាននូវសន្តិភាព ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចស្នូល និងការផ្ទេរមុខងារព្រមទាំងធនធាន និងបន្តអបរំណែនាំដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាយុវជនជំនាន់ក្រោយ ឲ្យចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងនិងត្រូវគោរពច្បាប់ចរាចរណ៍។
ជាមួយគ្នានេះឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជូនដល់ក្រុមកីឡាករបាល់ទាត់ដែលទទួលបានជ័យលាភីក្នុងនោះ៖ ក្រុមមហាជនលេខ១.ទទួលបានពាន១ បាល់១ ថវិកា៤០ម៉ឺនរៀល,លេខ២.ទទួលបានបាល់១ ថវិកា៣០ម៉ឺនរៀល,លេខ៣.ទទួលបានបាល់១ថវិកា២០ម៉ឺនរៀល,និងក្រុមកីឡាករបាល់ទាត់សិស្សានុសិស្សក្រុមបុរស និងក្រុមស្រ្តី លេខ១.ទទួលបាន ពាន១ ថវិកា២០ម៉ឺនរៀល, លេខ២.ទទួលបានបាល់១ ថវិកា១៥ម៉ឺនរៀល,លេខ៣.ទទួលបានបាល់១ និងថវិកា១០ម៉ឺនរៀល៕សួនលីណា







































