ពិធីបដិបត្តិព្រះធម៌-ធ្វើធុតង្គនៅតំបន់រមណីយដ្ឋានអង្គរ លើកទី០៣ត្រូវបានប្រកាសបិទ បន្ទាប់ពីបានដំណើរការអស់រយៈពេល៥ថ្ងៃកន្លងមក

0

សៀមរាប៖ កម្មវិធីបដិបត្តិព្រះធម៌-ធ្វើធុតង្គ (ដើរឆ្ពោះទៅរកការរំលត់ទុក្ខ) ដែលបានដំណើរការនៅតំបន់រមណីយដ្ឋានអង្គរ អស់រយៈពេល ០៥ ថ្ងៃកន្លងមកនោះ ត្រូវបានប្រកាសបិទជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ នៅវត្តប្រាសាទព្រះវិហារប្រាំពីរល្វែង ខាងមុខទីព្រះលានជល់ដំរី ស្ថិតក្នុងបរិវេណប្រាសាទបាយ័ន នៃតំបន់ឧទ្យានអង្គរ ក្រោមព្រះអធិបតីសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជា ព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាក្រកម្ពុជា ដោយមានការនិមន្តអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៣០០អង្គនាក់ ។
សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានសង្ឃដីកាថា ការប្រព្រឹត្តបំពេញបដិបត្តិព្រះធម៌-ធ្វើធុតង្គ “ដើរឆ្ពោះទៅរកការរំលត់ទុក្ខ ” គឺជាការបដិបត្តិព្រះធម៌ដើម្បីរំដោះសេចក្តីអាក្រក់ ជម្រះកិលេសដែលជាគ្រឿងមន្ទិល ដុសខាត់ទៅលើផ្លូវចិត្តរបស់មនុស្សឲ្យមានការអត់ធ្មត់ខ្ពស់ ចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក រស់នៅសុខសប្បាយជាមហាគ្រួសារនៃសង្គមជាតិ ។ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ច្បាប់របស់រដ្ឋ និង ព្រះធម្មវិន័យ ពុទ្ធឱវាទ មិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះទេ ដែលត្រូវបានយកមកអប់រំផ្លូវចិត្ត កសាងសង្គមជាតិ ប្រកបដោយសេចក្តីសុខ ចម្រើន ។
សម្ដេចព្រះមហាសង្ឃរាជ មានសង្ឃដីកាទៀតថា វិបស្សនាធុរៈ គឺជាការប្រើប្រាស់វិញ្ញាណមើលជុំវិញខ្លួនឲ្យបានច្បាស់ មើលឲ្យឃើញសភាពពិតដោយបញ្ញា ដើម្បីឲ្យការរស់នៅប្រកបដោយសេក្តីសុខ ទាំងបុគ្គល គ្រួសារ និងសង្គមជាតិ ហើយបដិបត្តិព្រះធម៌ ធ្វើធុតង្គ គឺជាផ្នែកមួយនៃវិបស្សនាធុរៈ និង ជាកម្មវិធីរៀនសូត្រអប់រំផ្លូវចិត្តដ៏ធំមួយ ដែលកម្រនឹងបានជួបប្រទះ ព្រមទាំងមានការអប់រំ និង ពន្យល់ជាច្រើន នៅក្នុងដែលមិនត្រឹមតែក្នុងវិស័យពុទ្ធចក្រប៉ុណ្ណោះទេ តែក៏ត្រូវបានវែកញែកអប់រំផ្លូវចិត្តផងដែរ តាមផ្លូវអាណាចក្រនោះ គឺជាការរៀនសូត្រដ៏ធំមួយនៅក្នុងវិស័យព្រះពុទ្ធសាសនា ក្នុងនោះរួមមានគន្ធធុរៈ និង វិបស្សនាធុរៈ ។
សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានសង្ឃដីកាបន្ថែមទៀតថា តាមផ្លូវលោក ការរស់នៅនៃប្រជារាស្រ្តដោយបំពានច្បាប់របស់រដ្ឋ គឺជាការនាំទុក្ខទោសមកដាក់ខ្លួន ការគោរពច្បាប់គឺនាំមកនូវសង្គមថ្លៃថ្នូរ សុខចម្រើន ដូច្នេះនៅក្នុងវិស័យពុទ្ធចក្រ ការគោរពព្រះធម៌ បដិបត្តិពុទ្ធឱវាទ គឺជាការនាំមកនូវសេចក្តីស្ងប់ ចៀសផុតបាបកម្មទាំងឡាយទាំងពួងផងដែរ ព្រោះព្រះពុទ្ធសាសនាត្រូវបានផ្សារភ្ជាប់ជាមួយសង្គមខ្មែរ ហើយដោយជំនឿនៃពុទ្ធសាសនិកជន និង ការទទួលបានឥទ្ធិពលពីគ្នាទៅវិញទៅមក បានធ្វើឲ្យសង្គមខ្មែរមានសេចក្តីសុខ ដែលអាចបញ្ជាក់បានថា អ្នកកាន់ព្រះពុទ្ធសាសនា គឺជាអ្នកស្រឡាញ់សន្តិភាព ព្រោះពុទ្ធឱវាទបានបង្ហាញថា គ្មានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់នោះឡើយ សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ នៃពិធីបដិបត្តិព្រះធម៌-ធ្វើធុតង្គនៅតំបន់រមណីយដ្ឋានអង្គរ៕