ខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ពីករណីល្បួងលួងលោមរំលោភសេពសន្ថវះ លើក្មេងស្ត្រីអនីតិជនដែលមិនទាន់គ្រប់អាយុ ។ លោកអនុសេនីយ៌ឯក ចាន់ សុខា នាយការិយាល័យស្តីទីប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអង្គភាពកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា យោងតាមបណ្តឹងជនរងគ្រោះ ផន ស្រីនី ភេទ ស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ។
លោកអនុសេនីយ៌ឯក ចាន់ សុខា បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ភក្រ័ ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មករបកបង្គារគ្រៀម បានប្រព្រឹត្តសកម្មភាពល្បួងលោងលោមជនរងគ្រោះទៅលេងផ្ទះបងរបស់ខ្លួននៅក្រុមទី៣២ ភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ លុះមកដល់ក៌បានចាប់អូសដៃនាង ចូលក្នុងផ្ទះរួចចាប់រំលោភសេពសន្ថវះរហូតបានសម្រេច កាលពីថ្ងៃទី១៣ ខែកក្កដា ២០១៤ វេលាម៉ោងប្រមាណជា ១២និង០០នាទីថ្ងៃត្រង់ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ គង់ ភក្រ័ បានសារភាពថា រូបគេពិតជាបានបបួលជនរងគ្រោះទៅលេងផ្ទះបងខ្លួនប្រាកដមែន រួចសុំលួងលោមនាងរួមរក្ស័រហូតបានសំរេច ដោយមិនមែនជាការចាប់បង្ខំនោះទេ គឺជាការព្រមព្រៀងទាំងសងខាង ។
លោកអនុសេនីយ៌ឯក ចាន់ សុខា នាយករិយាល័យស្តីទីប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មន្ត្រីជំនាញបានសហការជាមួយជនរងគ្រោះធ្វើការឃាត់ខ្លួនជនសង្ស័យ និងធ្វើការសាកសួរបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុតាមផ្លូវច្បាប់ ។
លោកបានបញ្ជាក់ថាកម្លាំងមន្ត្រីជំនាញអនុវត្តបំពេញតួនាទី ចូលរួមការបង្ក្រាបនូវរាល់បទល្មើសផ្សេងៗទៀត ដែលកើតឡើងក្នុងខេត្តព្រះសីហនុ ដើម្បីធានានូវសេចក្តីសុខជូនប្រជាពលរដ្ឋ ក៌ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅខេត្តព្រះសីហនុ ធ្វើយ៉ាងណាធានាបាននូវសន្តិសុខ សុវត្ថិភាពសាធារណះ ៕