ភ្នំពេញ ៖ នារីម្នាក់បានស្លាប់ ដោយសារបុរសជាសង្សា បាញ់ជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុច ផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំណែកឯជនរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ រីឯជនសង្ស័យ ត្រូវជាសង្សារជនរងគ្រោះ (មិនទាន់ស្គាល់អត្តសញ្ញាណ) គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ត្រូវជាមិត្តប្រុសរបស់ជនរងគ្រោះ នៅក្នុងផ្ទះជាមួយគ្នា ក៏ស្រាប់តែលឺស្នូរ ផ្ទុះអាវុធជាច្រើនគ្រាប់ ហើយ គេក៏ឃើញជនសង្ស័យ បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌា ដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះ តែដោយសភាពរបួសធ្ងន់ពេក ទើបនារីរងគ្រោះបានផុតដង្ហើម នៅពេលបញ្ជូនបានពាក់កណ្តាលផ្លូវ មុនដល់មន្ទីរពេទ្យ ។
ប្រភពដដែលបន្តទៀតថា ករណីខាងលើ កើតឡើងតាំងពីម៉ោង៩យប់មកម៉្លេះ ដោយសារតែការផ្ទុះអាវុធនេះ កើតឡើងនៅក្នុងផ្ទះល្វែង ទើបមិនសូវមានអ្នកចាប់អារម្មណ៍ ពីស្នូរគ្រាប់កាំភ្លើង ដោយឃើញសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុ ទើបផ្អើលឆោឡោតែម្តង ។
បច្ចុប្បន្នសាកសពជនរងគ្រោះ តម្កល់នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដើម្បីកម្លាំងជំនាញកោសលវិច័យ មកពិនិត្យស្រាវជ្រាវនិងតាមចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕




































