ខេត្តសៀមរាប: ថ្ងៃទី១៣ខែមករាឆ្នាំ២០២០-សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកការបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការ
រំលត់ទុក្ខ នៅបរិវេណវត្តប្រាសាទព្រះវិហារប្រាំពីរល្វែង ជិតទីលានជល់ដំរីខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះថា ព្រះអង្គមានព្រះរាជបន្ទូលថា នៅក្នុងព្រះពុទ្ធសាសនា ព្រះធម៌ និងព្រះវិន័យ គឺមានសារៈសំខាន់ណាស់សម្រាប់អប់រំព្រះសង្ឃ និងប្រជាពលរដ្ឋដែលគោរពសាសនាព្រះពុទ្ធមានចិត្តជ្រះថ្លា និងធ្វើតែអំពើល្អ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា សម្រាប់ការបដិបត្តិព្រះធម៌ធ្វើធុតង្គលើកនេះ គឺមានព្រះសង្ឃវ័យក្មេងជាច្រើនមកពីតាមបណ្តាវត្តនានានៅទូទាំងប្រទេសនិមន្តមកចូលរួម ធ្វើឱ្យព្រះសង្ឃវ័យក្មេងទាំងនេះស្គាល់ពីរទុក្ខនិងចេះរំលត់បាននូវសេចក្តីទុក្ខទំាងឡាយដែលកើតមានកន្លងមកធ្វើឱ្យចិត្តជ្រះថ្លា ។
ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ថា ការបដិបត្តិព្រះធម៌ធ្វើធុតង្គនេះ មានរយៈពេល០៥ថ្ងៃចាប់ថ្ងៃទី១៣ទៅដល់១៧ខែមករាឆ្នាំ២០២០ នៅក្នុងអំឡុងពេលនៃការបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខនេះ គឺព្រះសង្ឃ និងយាយជីតាជីទំាងអស់ត្រូវនិមន្តបិណ្ឌបាតផ្លូវឆ្ងាយហើយត្រូវឆាន់ចង្ហាន់តែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយការឆាន់ចង្ហាន់នេះ គឺត្រូវឆាន់ក្នុងបាត នៅតាមទីវាលតែម្តង នៅពេលឆានរួចសម្តេចព្រះរាជ ដឹកនំាសូត្រធម៌ តាំងសមាធិករំលត់ទុក្ខ ពេលយប់ត្រូវសឹងនៅក្នុងព្រៃរួមគ្នាទំាងអស់។
ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ទៀតថា ការធ្វើព្រះសង្ឃមានចិត្តជ្រះថ្លា និងរំលត់បាននូវសេចក្តីទុក្ខទំាងឡាយហើយនោះ ព្រះសង្ឃ និងធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យមានចិត្តស្ងប់និងជ្រះថ្លាបន្តទៀត ហើយការធ្វើឱ្យចិត្តប្រជាពលរដ្ឋស្ងប់ និងជ្រះថ្លានេះ និងរួមចំណែកធ្វើឱ្យប្រទេសយើងមានសន្តិភាពដោយសារតែមនុស្សមិនប្រើអំពើហឹង្សា។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ការធ្វើចិត្តឱ្យស្ងប់និងរំលត់បាននូវសេចក្តីទុក្ខនេះ មានចិត្តជ្រះថ្លានេះ ត្រូវបានសម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានអនុវត្តកន្លងមកធ្វើឱ្យប្រទេសមានសន្តិភាព ដោយសារតែមានការឈ្នេះឈ្នេះទាំងអស់គ្នា ហើយប្រើសិនគ្មានសេចក្តីស្ងប់និងចិត្តជ្រះថ្លានេះទេ គឺមិនអាចធ្វើឱ្យប្រទេសមានសន្តិភាពបានឡើយ។
អង្គមានព្រះរាជបន្ទូលទៀតថា នៅក្នុងប្រទេសកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេស និងធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាព ដោយសារតែបានព្រៀនប្រដៅប្រជាពលរដ្ឋធ្វើឱ្យមានចិត្តជ្រះថ្លា ធ្វើតែអំពើល្អ។
លោក ស្រី យូ សុភា អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ពិធីបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខនាពេលនេះ គឺមានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ព្រោះថា ពិធីនេះមានលក្ខណៈស្របទៅនឹងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផងរបស់ខ្មែរយើង ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គបានបង្រៀនដល់មនុស្សនូវធុរៈពីរយ៉ាងសម្រាប់ព្រះសាសនារបស់ព្រះអង្គគឺ គន្ធធុរៈការសិក្សារៀនសូត្រទន្ទេញនូវព្រះបរិយត្តិធម៌ឱ្យបានច្បាស់លាស់ និងវិបស្សនាធុរៈ គឺសំដៅដល់ការបដិបត្តិដុសខាត់ខ្លួនឱ្យស្អាតដើម្បីរលាស់ខ្លួនចេញចាកទុក្ខ។
លោកស្រីបានបញ្ជាក់ថា សូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា៕






































