ខេត្តស្ទឹងត្រែ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានចុះចែកកូនមាន់ពូជ និងចំណីមាន់ ជូនដល់កសិករជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន១២០គ្រួសារ ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានការចូលជាគណ:អធិបតីពីសំណាក់លោក ជា ថាវរិទ្ធិ
អភិបាលរងខេត្ត រួមដំណើរដោយអភិបាលរងស្រុកថាឡាបរិវ៉ាត់ ប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្ត ប្រធានការិយាល័យផលិតកម្មបសុ និងព្យាបាល រួមនិងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមផងដែរ និងរៀបចំសម្របសម្រួលដោយលោកអង្គការEPDO ។
កម្មវិធីនេះ រៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដោយបានទទួលថវិកាមូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍន៍ ហៅកាត់ថា (IFAD) តាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (ASPIRE) នឹងបានផ្តល់ថវិកាជូនអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន ហៅកាត់ថា (EPDO) ជាដៃគូផ្តល់បច្ចេកទេសកសិកម្ម ក្នុងការអនុវត្តសកម្មភាព ជួយសេវាខាងក្រៅ (Contracting Out) នៅក្នុងឃុំគោលដៅចំនួន២ គឺឃុំចំការលើ និងឃុំអន្លង់ភេ ។
លោក សំរិទ្ធិ អ៊ុត នាយកអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន(EPDO) បានប្រសាសន៍ថា:នៅខេត្តស្ទឹងត្រែងនេះ អង្គការEPDO បានទទួលគម្រោងចំនួន២ពីខាងកម្មវិធីASPIRE ដោយទី១ គម្រោងអាជីវកម្មមាន់ ដោយថ្ងៃនេះបានទទួលធ្វើកម្មវិធីចែកកូនមាន់ពូជដល់បងប្អូនដែលជាសមាជិកបណ្តុំអាជីវកម្មមាន់នៅក្នុងឃុំចំការលើនេះ ។ និង១ទៀត គឺគម្រោងបង្កើតសមាគមសុខភាពសត្វ និងអភិវឌ្ឍន៍អាជីវកម្មសត្វ គឺផ្តោតសំខាន់លើពេទ្យសត្វចំនួន៥ឃុំ នៅក្នុងខេត្តស្ទឹងត្រែងនេះ ដោយបាននឹងកំពុងបង្វឹកបណ្តុះបណ្តាលកសិករទាំងនោះឲ្យមានលទ្ធភាពក្នុងការផ្តល់សេវាកម្ម ដល់សហគមក្នុងការពិនិត្យព្យាបាល ឬក៏ផ្តល់បច្ចេកទេសផ្សេងៗ ប្រជាកសិករដែលមានចំណាប់អារម្មណ៍ទៅលើវិស័យសត្វ ។ ហើយគម្រោងទាំង២នេះ មានរយ:ពេល
៧ខែ ដោយគិតចាប់ពីថ្ងៃទី០១ខែតុលា ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ខាងមុខ និងបានទទួលថវិកាគាំទ្រពីគម្រោងកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធនទៅនិងការ
ប្រែប្រួលអាកាសធាតុ របស់មន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង ។
លោកបន្តថា គោលបំណងគម្រោងនេះគឺធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់កសិករខ្នាតតូច ប្រកបដោយនិរន្តភាព តាមរយ:កិច្ចសហការរវាងបណ្តុំអាជីវកម្មមាន់ អ្នកផ្តល់សេវា និងភ្នាក់ងារទីផ្សារ ហើយនិងដើម្បីពង្រឹងសមត្ថភាពតាមរយ:ទីផ្សាររបស់កសិករ ដែលផ្តោតទៅលើគំនិតអភិវឌ្ឍន៍ ផ្សារភ្ជាប់ទៅនិងទីផ្សារ ហើយនិងការរៀបចំការផលិតកម្មមាន់ ។ ក្នុងនោះសមាគមពេទ្យសត្វ និងវិស័យឯកជន អង្គការសង្គមស៊ីវិល ភ្នាក់ងាររដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាពង្រឹងទៅលើវិស័យកសិកម្មជាពិសេសផលិតកម្មមាន់ ។
ជាមួយគ្នានេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានមានប្រសាសន៍ដែរថា ពិធីចែកពូជមាន់និងចំណី ដែលបានរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនាពេលនេះ គឺពិតជាមានសារ:សំខាន់ខ្លាំង ណាស់ គឺដើម្បីចូលរួមចំណែកជួយបងប្អូនកសិកររបស់យើង ឲ្យទទួលបាននូវពូជមាន់ ដែលធននិងអាកាសធាតុ ធននិងជម្ងឺ ងាយស្រួលចិញ្ចឹម ហើយសន្សំសំចៃពេលវេលា ព្រមទាំបានជួយសម្រួលការចំណាយ និងបានជួយលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករផងដែរ ។ លោកប្រធានមន្ទីរកសិកម្ម បានបន្ថែមថា:បណ្តុំអាជីវកម្មចិញ្ចឹមមាន់ គឺជាបណ្តុំអាជីវកម្មមួយ ក្នុងចំណោមបណ្តុំអាជីវកម្មជាច្រើនដ៏ទៃទៀត ដែលកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី បានចុះចងក្រង និងធ្វើការជាមួយបងប្អូនកសិករ ដូចជា បណ្តុំអាជីវកម្មដំឡូងមី ស្វាយចន្ទី ក្រូច ស្រូវ និងម្នាស់ជាដើម មិនខុសពីបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ក៏ដូចជាបណ្តុំអាជីវកម្មដ៏ទៃទៀត ដោយបានផ្តល់ពូជ ជី សម្ភារ: ថ្នាំកសិកម្ម និងថវិកាជូនដល់បងប្អូនកសិករ ក្នុងការជួយជម្រុញ នូវផលិតកម្មដំណាំកសិកម្ម ឲ្យមានការកើនឡើង ។ ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងអស់ទាំងនេះ ក៏បានបង្ហាញពីភាពរីកចម្រើនលើវិស័យកសិកម្មរបស់ខេត្តស្ទឹងត្រែងផងដែរ ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដុតដៃ ដុតជើងធ្វើការងារនេះជាមួយប្រជាកសិករ ។
លោកប្រធានមន្ទីរកសិកម្ម ក៏បានណែនាំ និងជម្រុញបន្ថែម ដល់បងប្អូនប្រជាកសិករ នៅក្នុងឃុំចំការលើនេះ ឲ្យនាំគ្នាចងក្រងជាក្រុម ក្នុងការចិញ្ចឹមសត្វឲ្យបានល្អប្រសើរ ហើយមន្ទីរកសិកម្ម នឹងជូនពូជសត្វប្រភេទផ្សេបន្ថែមទៀត ដើម្បីឲ្យមានការរីកចម្រើនលើវិស័យកសិកម្មក្នុងឃុំចំការលើនេះ ។
សូមបញ្ជាក់ថា ពូជមាន់ចំនួន៦០០០ក្បាល ដែលមន្ទីរកសិកម្មបាននាំយកមកចែកជូនប្រជាកសិករ១២០គ្រួសារ ដែលមកពីភូមិចំនួន៣ គឺភូមិរំដេង ភូមិចំការលើ ក្នុងឃុំចំការលើ និងភូមិវាលពោធិ៍ ក្នុងឃុំអន្លង់ភេ ។ ក្នុងនោះ ប្រជាកសិករ១គ្រួសារទទួលបានកូនមាន់ពូជចំនួន៥០ក្បាល និងចំណីមាន់ចំនួន១០គីឡូក្រាមផងដែរ ៕

ដោយ ៖ ម៉ាវិន




































