កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០១៩ រួមសហការគ្នាដើម្បីកម្ពុជាគ្មានការជួញដូរមនុស្ស ពិធីនេះដែរ ក៏មានប្រធានអនុប្រធាន មន្ទីរអង្គភាព សិស្សានុសិស្ស ចូលរួមជាង៣០០នាក់ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ។
គោលបំណងនៃការ ប្រារព្វពិធីប្រយុទ្ធប្រឆាំងជួញដូរមនុស្ស គឺបានជម្រុញឲ្យមានការ បង្ការទប់ស្កាត់ការតាមដានសកម្មភាពក្រុមហ៊ុនទុច្ចរិតមួយចំនួនឲ្យទទួលខុសត្រូវឲ្យប្រឈមមុខជាមួយច្បាប់ ពីការជួញដូរមនុស្សកើតឡើង និងទាមទារឲ្យមានការសហការ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយបណ្តារោងចក្រសហគ្រាស និងម្ចាស់អាជីវកម្មទាំងឡាយ ដើម្បីផ្តល់ពត៌មានអំពីទីផ្សារការងារនិងមុខរបរសមស្របជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យ មន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើការផ្សព្វផ្សាយចំណេះដឹងអំពីវិធានការការពារខ្លួន ពីការចាញ់បោកជនទុចរិតលួងលោម ដែលជាល្បិចកាលជនល្មើស មកលើប្រជាពលរដ្ឋ យុវជន ស្ត្រី និងកុមារ ព្យាយាមអូសទាញឲ្យធ្លាក់ចូលក្នុងការកេងប្រវ័ញ្ច អំពើជួញដូរមនុស្ស និងការប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងនោះក៏បានរំលឹកដាស់តឿនចំពោះមន្ត្រីទាំងឡាយណាដែលបាននឹងកំពុងតែ សាងបញ្ហាយុបឃឹត និងសហការជាមួយជនល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធទាំងឡាយ ទោះបីដោយចេតនាក្តី អចេតនាក្តី ត្រូវឆាប់ដកខ្លួនជាបន្ទាន់ និងកែខ្លួនឲ្យបានល្អ ព្រោះមិនអាចសម្ងំលាក់លៀមសកម្មភាពទាំងនេះបានទៀតឡើយហើយនឹងត្រូវបានផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ ។
រដ្ឋាភិបាលក្នុងខេត្ត និងអន្តរជាតិ ព្រមទាំងវិស័យឯកជន បានរួមគ្នាដោះស្រាយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្តន្ទាទោសឧក្រិដ្ឋជន ដ៏សាហាវឃោរឃៅជាងសត្វតិរិច្ឆាន ទាញយកផលប្រយោជន៍សំរាប់ពួកគេ ជនទាំងនេះត្រូវតែអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស អំពើហិង្សាផ្លូវភេទលើស្ត្រី និង កុមារ អំពើហិង្សាក្នុងគ្រួសារ ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា កត្តាចំបងដ៏ធំ ដែលបង្កើតឲ្យមានបទល្មើសទាំងឡាយសព្វថ្ងៃនេះគឺមាន ៖កង្វះសីលធម៌ក្នុងការរស់នៅ បាត់បង់នូវសីលធម៌ មិនចេះអាណិតអាសូរអាត្មានិយម លោភលន់មិនស្កប់ស្កល់ និងមិនខ្វាយខ្វល់ពីការឈឺចាប់របស់អ្នកដទៃទើបមនុស្សអាចធ្វើនូវអំពើដ៏ស្មោកគ្រោកសាហាវឃោរឃៅបែបនេះបាន ក្នុងនោះក៏ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ក៏ជាថ្នាំពុល ដែលបានពង្វក់ស្មារតីឲ្យមនុស្សបាត់បង់សតិវិចារណញ្ញាណ និងហ៊ានប្រព្រឹត្តទង្វើជាបាបកម្ម គ្រប់រូបភាពដោយគ្មាន
ក្រែងរអែងអ្វីឡើយ ដូច្នេះយើងមិនត្រូវបណ្ដែតបណ្ដោយ ព្រងើយកន្តើយ មិនខ្វាយខ្វល់នឹងចំណុចខ្វះចន្លោះទាំងអស់នេះបានឡើយ ហើយត្រូវតែកែលម្អជាបន្ទាន់ ព្រោះវានឹងបន្តបំផ្លាញដល់មនុស្សជាតិប្រទេសជាតិ និងពិភពលោកឲ្យវិនាសមិនខានឡើយ ត្រូវចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីឆ្ពោះកាន់គោលដៅរួមតែមួយគឺ«ធ្វើអ្វីៗដើម្បីសេចក្តីសុខនិងភាពរីកចម្រើនរបស់មនុស្សជាតិ»។ ដោយ ប៊ុន រដ្ឋា





































