ខឹងរឿងសើចចំអកពេលដួលម៉ូតូយកកាំបិតកាំរបួស២នាក់

0

ខេត្តតាកែវ ៖ នៅថ្ងៃអាទិត្យ ១០រោចខែបុស្សឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករាឆ្នាំ២០២០ វេលាម៉ោង១៩.៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។ តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកទ្រាំង នៅវេលាម៉ោង១៦ ៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល មានជនសង្ស័យមានឈ្មោះ គន ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាព ប្រដាប់ដោយកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ បុ៑ន សល់ ភេទប្រុសអាយុ៣០ឆ្នាំ និងឈ្មោះ សាន ដា ភេទប្រុសអាយុ៣៥ឆ្នាំ មានមុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា បណ្តាល អោយឈ្មោះ បុ៑ន សល់ មានរបួសស្នាម០១ កន្លែងត្រង់កំភួនដៃឆ្វេង នឹងឈ្មោះ សាន ដា
មានរបួសត្រង់ក្រោយកញ្ចឹងកផ្នែកខាងឆ្វេង ខណៈពេលជនរងគ្រោះកំពុងផឹកស្រាក្រោមផ្ទះ ។ ក្រោយឃាត់ខ្លួនជនសង្ស័័យបានសារភាពថា មូលហេតុដែលឈានដល់ការប្រើអំពើហិង្សាគឺបណ្តាលមកពីជនសង្ស័យខឹងជនរងគ្រោះសើចចំអក ពេលជនសង្ស័យជិះម៉ូតូដួលនៅមុខផ្ទះកើតហេតុ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕