ភ្នំពេញ៖ ពិតជាលឿនមែន ចោរលួចរថយន្ត Lexus NX200T ចេញពីខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ចាប់បានហើយ នៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យជាចោរលួចរថយន្ត ឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។ ចំណែករថយន្ដដែលចោរលួច ម៉ាក Lexus NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6695 មានម្ចាស់ឈ្មោះ សាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចំណែកកូនស្រី ជាអ្នកប្រើប្រាស់រថយន្តខាងលើ ឈ្មោះ សន សុីវហុង អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ។
ប្រភពព័ត៍មាន បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន ចោរលួចរថយន្តខាងលើនេះបាន នៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តខាងលើត្រូវបាននគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន រួចកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ដាក់កម្លាំងឃ្លាំមើល រហូតដល់វេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២០ ខែមករា ស្រាប់តែលេចមុខជនសង្ស័យ មកមើលរថយន្ត ក៏ត្រូវនគរបាលឃាត់ចាប់ខ្លួនបានតែម្តង។
គួរំលឹកថា រថយន្ត ឡិចស៊ីស NX200T មួយគ្រឿង ត្រូវបានចោរបន្លំខ្លួនជាជាង មកតភ្ជាប់ GPS លុះម្ចាស់ភ្លេចខ្លួន ក៏លួចបើករត់គេចទៅបាត់ កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដោយម្ចាសបានត្រឹមរត់ទៅប្តឹងប៉ូលិស ខណ្ឌពោធិសែនជ័យ ឲ្យជួយអន្តរាគមន៍។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្ត កាលពីបម្រើការងារ ជាជាង GPS នៅក្រុមហ៊ុន ខេជី ជនខាងលើ ធ្លាប់បានលួចរថយន្ត ឡិចសុីស RX300 របស់អតិថិជនម្តងហើយ តែម្ចាស់រកឃើញវិញ ហើយជនល្មើសរត់គេចខ្លួនបាត់ម្តងហើយ កាលពីអំឡុងឆ្នាំ២០១៩ ខាងក្រុមហ៊ុនក៏ប្រកាសលែងទទួលស្គាល់បុគ្គលិករូបនេះដែរ សមត្ថកិច្ចក៏តាមស្វែងរកចាប់ខ្លួន ហើយជនសង្ស័យមកបន្លំខ្លួនមករើការងារ ក្រុមហ៊ុនថ្មី ស្រាប់តែមកធ្វើសកម្មភាព លួចរថយន្ត ឡិចសុីស200t មួយគ្រឿងខាងលើ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ គេចខ្លួន ស្រាប់តែនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តភិនភាគខាងលើ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញ នៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលជនសង្ស័យយកមកដើម្បីប្តូរពណ៌ ហើយសមត្ថកិច្ចបានដកហូតរថយន្តទៅរក្សាទុក រីឯកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួរ ម៉េងវ៉ាង ដាក់ឃ្លាំរងចាំមើល ទីតាំងយានដ្ឋាន រហូតដល់វេលាម៉ោង៩៖៣០នាទីយប់ ក៏លេចមុខជនសង្ស័យ ខន ពន្លក មកដល់ ក៏ចាប់ឃាត់ខ្លួន ប្រគល់ជូនលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចោរលួចរថយន្ត ដើម្បីយកជនសង្ស័យទៅបន្តនីតិវិធីតែម្តង។
បើតាមចម្លើយសារភាព របស់ជនល្មើស ពេលលួចរថយន្តបានហើយ ក៏បើកចេញតាមរង្វង់មូលចោមចៅ យករថយន្តទៅលាក់ទុកនៅផ្ទះរបស់ប្រពន្ធ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដោះស្លាកលេខចេញ លាក់ទុកក្រោមកៅអី លុះនៅរសៀលថ្ងៃទី២០ ខែមករា នេះ ខ្លួនបានបើករថយន្តទៅឲ្យជាងប្តូរពណ៌ ដាក់ពណ៌ខ្មៅ នៅយានដ្ឋានខាងលើ លុះដល់យប់ថ្ងៃដដែល ទៅមើលរថយន្ត ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខចាប់ខ្លួនបានតែម្តង៕ 




































