អាជ្ញាធរមូលដ្ឋានចុះបិទអាជីវកម្មឡដុតធ្យូងប្រាំមួយកន្លែងក្នុងស្រុកវ៉ារិន បន្ទាប់ពីអ្នកភូមិប្តឹង

0

សៀមរាប: ឡដុតធ្យូង៦កន្លែង ក្នុង ចំណោមជិត១០០កន្លែងក្នុងឃុំប្រាសាទ នៃស្រុកវ៉ារិនខេត្តសៀមរាប ត្រូវអាជ្ញាធរចុះបិទកាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២០នេះ ក្រោយអ្នកភូមិប្តឹង។

ស្មៀនឃុំប្រាសាទដែលបាន នាំកម្លាំងចុះទៅដល់និងបិទឡដុតធ្យូង លោកឈឿម ឆៃលី បានប្រាប់តាមទូរសព្ទ័ថា ពិតជាមានការចុះទៅពិនិត្យនិងបិទដំណើរការដុតធ្យូងចំនួន៦ឡប្រាកដមែន។ ការបិទអា ជីវកម្មឡដុតធ្យូងនេះ គឺបន្ទាប់ពីមានអ្នកភូមិមកប្តឹង រឿងផ្សែងហុយពិបាកទ្រាំក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្រៅពីប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ក៍មានស្ត្រីមានផ្ទៃពោះ រស់រងការស្រូបផ្សែងពីឡដុតធ្យូងទាំងនោះផងដែរ។ លោកបន្តថា តាមគោលការ អាជ្ញាធរគ្រោងនិងបិទមិនអោយមានឡដុតធ្យូងទាំងស្រុង នៅក្នុងស្រុកវ៉ារិន។ ប៉ុន្តែដោយឡធ្យូងទាំង៦ខាងលើនេះ ស្ថិតនៅក្បែរផ្ទះពលរដ្ឋ ទើបសម្រេចបិទមុនគេ។
លោកស្មៀនឃុំ បន្ថែមថា ឡដុតធ្យូងក្នុងឃុំប្រាសាទនៃស្រុកវ៉ារិន មានមិនតិចជាង៧០ទៅ ៨០ កន្លែងនោះទេ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ដុំផ្សែងបានហោះគ្របដណ្តប់ ធ្វើអោយប៉ះពាល់សុខភាពយ៉ាងខ្លាំង។ ក្រៅពីនោះ អត្រាកាប់បំផ្លាញព្រៃ ក៍កាន់តែរីករាលដាលផងដែរ។ ចឹងទេក្រោយស្រង់ទូរលេខ ជាក់ លាក់ អាចឈានដល់ការបិទទាំងស្រុងចំពោះឡដុតធ្យូងក្នុងឃុំមួយនេះ។
ដោយឡែកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៍បានលើកឡើងស្រដៀងគ្នាដែរថា ចំពោះឡដុតធ្យូ គោលការរបស់ក្រសួងមានរួចហើយ យើងត្រៀមអនុវត្ត។ លោកបន្តថា ជាការពិតក្រៅពីបង្កការប៉ះពាល់សុខភាព និងបរិស្ថាន ឡដុតធ្យូងគឺជាដើមចមនៃការកាប់បំផ្លាញព្រៃឈើ។
ថ្វីត្បិត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ មិនបានបញ្ជាក់ថា ស្រុក៦ទៅ៧ ស្ថិតនៅប៉ែកខាងលើនៃខេត្តសៀមរាប មានឡដុតធ្យូងសរុបប៉ុន្មាន តែលោកទទួលស្គាល់ថា មានច្រើន និងជាដើមចមនៃការកាប់បំផ្លាញព្រៃឈើប្រាកដ។ លោកបន្តថា ចំពោះអ្នកចូលកាប់ព្រៃយកឈើមកធ្វើអុសធ្យូង ភាគច្រើនជាអ្នករានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។ ដំបូងកាប់ឈើ យកមកធ្វើអុសធ្យូង លុះព្រៃទាំងនោះអស់ដើមឈើធំ ក៍ផ្តើមត្រួសព្រៃតូចៗហើយ កាប់គាស់ធ្វើចំការនិងឈានដល់កាន់កាប់ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិតែម្តង។ ករណីខាង លើនេះ ខាងលោកកំពុងសហការជាមួយអាជ្ញាធរស្រុកដើម្បីបិទអាជីវកម្មឡដុតធ្យូងទាំងអស់តែម្តង។
ជាមួយនិងការអះអាងរបស់អាជ្ញាធរ ក៍ដូចជារដ្ឋបាលព្រៃឈើខាងលើនេះ ក៍មានការលើកឡើងថា ធាតុពិតប្រភពនៃការបំផ្លាញព្រៃឈើ គឺអាជីវកម្មឡដុតធ្យូងនេះហើយ។ ពួកគេអាចកាប់ឈើពី២០ទៅ ៣០ដើមទើបបានអុសពេញមួយឡាន និងពេញឡ។ចឹងក្នុងមួយថ្ងៃ បើដុតត្រឹម១០ទៅ២០ឡ ពួកគេអាចកាប់ដើមឈើ២០០ទៅ៣០០ដើម។ផ្ទុយទៅវិញ ក្រុមឈ្មួញដឹកឈើអារ ក្នុងឈើមួយដើមពួកគេអាចកាប់អារដឹកបានមួយឡានឬពីរឡាន ព្រោះដើមធំទើបកាប់។ ប្រភពបញ្ជាក់ថា ចំណុចខាងលើនេះ សម្រាប់អ្នកមិនបានគិតយល់ថា កាប់អុសឬដឹកអុស មិនមានច្បាប់ហាមឃាត់ឡើយ គឺផ្ទុយពីឈ្មួញដឹកឈើ។
យោងតាមការអះអាងរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញខាងលើ គេរំពឹងថា ខេត្តសៀមរាប នឹងនាំមុខគេក្នុងការទប់ស្កាត់ ការកាប់ព្រៃរានយកដី និងការ បំផ្លាញព្រៃឈើ តាមរយះឡដុតធ្យូងក្នុងពេលដ៍ខ្លីខាងមុខ៕