ស្ដ្រីម្នាក់ស្លាប់ ចំណែកកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

0

ភ្នំពេញ៖ ស្ត្រីម្នាក់ស្លាប់ ចំណែកកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ផ្តើមចេញពីកូនប្រុសស្រវឹងស្រាទៅដេកលើផ្លូវដែក ស្របពេលដែលរថភ្លើងបើកមកដល់ ម្តាយរត់ទៅជួយទាញកូនប្រុស ជាអកុសលរថភ្លើងបុកម្តាយស្លាប់ រីឯកូនប្រុសរងរបួសធ្ងន់ នៅវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅផ្លូវដែក ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ គ្មានអ្នកណាដឹង រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមករានេះ ទើបប្រទះឃើញ ជនរងគ្រោះ២នាក់ម្តាយកូន ដួលរណូករណែល ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ ឈ្មោះ ជ័យ អឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ ដើរបេះបន្លែលក់ ។ ចំណែកកូនប្រុស រងរបួសធ្ងន់ ឈ្មោះ បុិច សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះ កន្លែងកើតហេតុ ។

តាមការបំភ្លឺពីស្ត្រីឈ្មោះ សុិន ស្រីឯម អាយុ៤១ឆ្នាំ មុខរបរ លក់នំ ត្រូវជាកូនស្រីបង្កើត របស់ជនរងគ្រោះ រស់នៅផ្ទះផ្សេងមួយទៀត នៅក្នុងភូមិខាងលើ បានឲ្យដឹងថា ម្តាយគាត់ជាស្ត្រីម៉េម៉ាយ កូន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ គាត់ជាកូនច្បង រីឯកូនប្រុសរងរបួសជាកូនទី៣ រស់នៅជាមួយម្តាយ ។ ហើយមុនកើតហេតុ គាត់មិនដឹងទេ ម្តាយប្អូនជួបគ្រោះថ្នាក់បែបនេះ ទើបតែនៅព្រឹកថ្ងៃទី២១ ខែមករានេះ មានពលរដ្ឋប្រទះឃើញទើបនាំគ្នាផ្អើលឆោឡោ លើម្តាយដែលស្លាប់ ដាក់ផ្ទះជាប់នឹង ប្អូនប្រុសរងរបួសនាំទៅជូតលាងរបួស ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី២០ ខែមករា កូនប្រុសរងរបួស ផឹកស្រាស្រវឹង ហើយទៅដេកលើផ្លូវដែក គ្មានអ្នកណាចាប់អារម្មណ៍ ព្រោះជាទម្លាប់បុរសខាងលើទៅហើយ លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែលគេឃើញមានរថភ្លើង ខ្សែដឹកទំនិញ បើកចេញពីក្រុងភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ក៏មិនចាប់អារម្មណ៍ ថាបុកមនុស្សស្លាប់ដែរ រហូតដល់ព្រឹកឡើងទើបប្រទះឃើញបែបនេះ ។

តែបើតាមសម្តីជនរងគ្រោះវិញ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនស្រវឹងស្រា ឈ្លោះប្រកែកជាមួយម្តាយហើយ ដើរទៅដេកលេងលើផ្លូវដែក លុះដល់វេលាម៉ោង១១យប់ មានរថយន្តភ្លើងបើកមក ម្តាយឃើញរត់ទៅដាស់ ទាញ ត្រូវបានរថភ្លើងបើកបុក ស្លាប់ម្តាយ ខ្លួនផ្លោងខ្ទាតចេញ សន្លប់របូតដល់ព្រឹកតែម្តង ។

តាមការពិនិត្យសន្និដ្ឋាន របស់សមត្ថកិច្ច បុរសរងគ្រោះជាកូន ពេលដែលស្រវឹងទៅដេកលើផ្លូវដែក លុះពេលដែលរថភ្លើងបើកមក ជិតដល់សុីផ្លេ ម្តាយដឹង ឃើញ រត់ទៅដាស់ទាញ កូនចេញ ត្រូវបានរថភ្លើងបើកបុក ផ្លោងកូនចេញ ទើបរងរបួស ចំណែកម្តាយ មិនផុត បុកស្លាប់តែម្តង ។

ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះ សមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណយតាមប្រពៃណី ៕