រដ្ឋបាលខេត្តកំពង់ចាម​ រៀបចំយន្តការ ដើម្បីថែទាំសួនច្បារ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​៦

0

កំពង់ចាម: ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២០នេះ​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​រៀបចំ​យន្តការ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​ថែទាំ​សៅ និងដើមឈើ​ ដែលបានដាំលម្អលើទ្រូងផ្លូវជាតិលេខ៦ ស្ថិត​នៅ​ក្នុង​ស្រុកជើងព្រៃ​ និង​ស្រុក​បាធាយ​ ខេត្តកំពង់ចាម​។

ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​ បានមានប្រសាសន៍ថា ការថែសួនច្បារ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងថែទាំរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​មន្ទីរ​សាធារណការ​ខេត្ត​ ប៉ុន្តែឥឡូវនេះ អាជ្ញាធរខេត្ត បានដាក់​ចេញ​នូវ​វិធានការ​ដោយ​បង្កើត​គណៈកម្មការ​ ថែទាំ​បណ្តោះអាសន្ន​ក្នុង​រដូវ​ប្រាំង​ ចាប់ផ្ដើម​ពីពេលនេះត​ទៅ​ ដោយ​ត្រូវ​ចំណាយ​ថវិកា​របស់​រដ្ឋបាល​ខេត្ត​ ហើយ​ត្រូវធ្វើ​របាយការណ៍​ទៅ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ផង​ដែរ​។

ឯកឧត្តម​អភិបាលខេត្តបានឲ្យដឹងទៀតថា ការស្ដារឡើងវិញ នូវ​សួនច្បារដែលបានរងការខូចខាត គឺ​ត្រូវ​ធ្វើការ​ថែទាំ​ឲ្យ​បាន​ម៉ត់ចត់​ ដោយ​ត្រូវបានចាត់ចែងការស្រោចទឹកឲ្យបានត្រឹមត្រូវជាប្រចាំ​ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពតាមដងផ្លូវ​ ក្នុងគោលបំណងបង្កើនសុខដុមនីយកម្មក្នុងសង្គមជាតិរបស់យើងឲ្យកាន់តែប្រសើរឡើងថែមទៀត​ ៕