អភិបាលខេត្តព្រះវិហារ អំពាវនាវទៅកាន់សមណៈសិស្ស និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ !

0

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ អមដំណើរដោយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការ នៃមន្ទីរស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្ត កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយ សមណៈសិស្ស និងប្អូនៗសិស្សានុសិស្ស នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលអប់រំផ្នែកព្រះពុទ្ធសាសនា ដែលមានសមណៈសិស្ស និងសិស្សានុសិស្ស ចំនួន៣៧១អង្គនាក់ កំពុងសិក្សារៀនសូត្រ ស្ថិតនៅក្នុងវត្តប្រាសាទព្រះខ័ន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ថ្លែងទៅកាន់សមណៈសិស្ស និងប្អូនៗសិស្សានុសិស្សទាំងជាង៣០០អង្គនាក់ នាឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា៖ «ទោះបីជាមជ្ឍមណ្ឌលបណ្តុះបណ្តាលអប់រំ ផ្នែកព្រះពុទ្ធសាសនានេះ នៅកំពុងមានការខ្វះខាតសាលាបង្រៀនក្តី យើងក៏ត្រូវតែខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងជួយទៅដល់ប្រទេសជាតិ នឹងខ្លួនយើងទៅថ្ងៃអនាគត ក៏ដូចជានាពេលបច្ចុប្បន្ននេះផងដែរ» ។ជាមួយគ្នានោះ ឯកឧត្តមប្រាក់ សុវណ្ណ ក៏បានធ្វើការវាយតំលៃ និងកោតសរសើរខ្ពស់ ដែលនៅតាមទីវត្តអារាម បានយកវិស័យអប់រំជាចំបង នៅការបង្ហាត់បង្រៀន និងអប់រំ ទៅដល់ប្អូនៗសិស្សានុសិស្ស និងសមណៈសិស្ស ឲ្យមានចំណេះចេះដឹង ច្បាស់លាស់ ពិតប្រាកដ ដើម្បីរួមចំណែកជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងកសាងសង្គមជាតិយើង ឲ្យកាន់តែរឹងមាំ និងរីកចម្រើនរុងរឿង ទៅថ្ងៃអនាគត ។

បន្ថែមពីនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះគ្រូចៅអធិការវត្ត បញ្ញាសីលញាណ នាតសុផានិត ទីព្រឹក្សាផ្ទាល់សម្តេចមហាសុមេធាធិបតី នួន ងែត ដែលបាននិងកំពុងខិតខំប្រឹងប្រែងដឹកនាំគ្រប់គ្រង និងជម្រុញ ហើយទទួលបន្ទុកខុសត្រូវខ្ពស់ លើការងារសិក្សាអប់រំនេះ បើទោះបីជាសាលារៀន នៅមានការខ្វះខាត ៕

ដោយ៖ សួនលីណា