កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានអះអាងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយមាននយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាដែលធ្លាប់ជាប្រទេសមួយត្រូវបំផ្លាញខ្ទេចខ្ទី បានប្រែក្លាយជាប្រទេសមានការរីកចំរើនលើគ្រប់វិស័យ ហើយយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបព្រមទាំង រីករាយនឹងសន្តិភាពដោយហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ស្ពានទំនប់ប្រឡាយសាលារៀន មន្ទីរពេទ្យ អគារធំៗ និងព្រះវិហារ ។ល។ មានការលូតលាស់យ៉ាងឆាប់រហ័សផងដែរ ការថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលនានាក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្មអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនមានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើងឥតឈប់ឈរ ។ ថ្ងៃនេះខេត្តកំពង់ចាមទទួលបានសមិទ្ធផលថ្មីៗថែមទៀតដែលជាការលើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត ។ ទន្ទឹមនឹងនេះ សូមឱ្យអាជ្ញាធរគ្រប់លំដាកប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ចូលរួមការពារសមិទ្ធផលទាំងនេះ ឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែង ជាប្រយោជន៍របស់ខេត្តរបស់បងប្អូនទាំងអស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ទាំងបរិស្ថាន ជាពិសេសសួនច្បារតាមមាត់ទន្លេ និងរម្មណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ឱ្យកើនឡើង និងនាំឱ្យជីវភាពប្រជាពលរដ្ឋមូលដ្ឋានក៏កាន់តែធូរធារមានសុភមង្គល និងភាពសុខដុមរមនាកាន់ តែប្រសើរឡើង។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបានថ្លែងថា សំណង់ស្តប និងសួនច្បារលម្អដែលបានសាងសង់រួចហើយនេះ ក៏កំពុងបានចូលរួមលើកកំពស់សោភ័ណភាព និងមុខមាត់នៃទីក្រុងកំពង់ចាម ឲ្យក្លាយជាទីក្រុងដ៏ស្រស់ស្អាត សក្តិសមនឹងចំណាត់ថ្នាក់រំដួល៣ទង ដែលទីក្រុងនេះទទួលបាននាពេលកន្លងមក ។
ហើយនៅពេលសួនច្បារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅពេលដ៏ខ្លីខាងមុខនេះ វានឹងធ្វើឲ្យសោភ័ណភាពកាន់តែស្រស់ស្អាត ពិសេស គឺចូលរួមក្នុងការលើកកំពស់សោភ័ណភាពរបស់ទីក្រុងកំពង់ចាមទាំងមូលផងដែរ ៕

ដោយ៖ លឹម ប៉ៃលិន




































