ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខអតីតយុទ្ធជនពិការស្រុក ប្រាសាទបល្ល័ង្ក

0

កំពង់ធំ៖ គ្រួសារអតីតយុទ្ធជនពិការឈ្មោះ ថៃ វ៉ាន់ធី ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជនពិការ ខណៈពេលដែលកំពុងតែជួបការលំបាក នៅរសៀល ថ្ងៃទី ២៨ខែ មករា  ឆ្នាំ ២០២០  រស់នៅភូមិឬស្សីដួចថ្មី  ឃុំ សាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ   ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកសហការី បន្តស្វែងយល់ពីសុខទុក្ខ  និង ជីវភាពរស់នៅរបស់ លោក ថៃ  វ៉ាន់ធី អាយុ៥៥ ឆ្នំា ជាអតីតយុទ្ធជនពិការ មានឋានៈជា អនុសេនីយ៍ទោ អតីតមេបញ្ជាការកងអនុសេនាធំទី២ យោធាស្រុកប្រាសាទបល្ល័ង្ក   ខេត្តកំពង់ធំ   ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅ ឆ្នាំ១៩៨៥  និងត្រូវរបួសពិការ ដោយសារសង្គ្រាមនៅឆ្នាំ១៩៩៣  នៅ សមរភូមិ តំបន់ដំបូកខ្ពស់  ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ   ។

 

ក្រុមគ្រួសារលោក ថៃ  វ៉ាន់ធី បច្ចុប្បន្នមានជីវភាពលំបាកខ្វះខាតខាត  ដោយមានកូនក្នុងបន្ទុកចំនួន៦ នាក់   ក្រុមការងារបានឧបត្ថម្ភ អំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  អគ្គលេខា​ធិការរង សមាគមអតីតយុទ្ធជនកម្ពុជា  ទៅផ្តល់ជូនគាត់មានអង្ករចំនួន ៥០ គីឡូក្រាម មីយើងចំនួន ២កេស  ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ   និងថវិកាចំនួន ១២០,០០០  រៀលផងដែរ   ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានមានប្រសាសន៍ថា ដោយយល់ឃើញពីជីវភាពលោក លោក ថៃ  វ៉ាន់ធី ដែលសាងសង់កូនខ្ទមរស់នៅជាមួយនឹងក្រុមគ្រួសារ នៃចំកាត់មាត់ញក ក្នុងភូមិឬស្សីដួចថ្មី ឆ្ងាយដាច់ស្រយាលពីភូមិឋានអ្នកដ៏ទៃ ក្នុងជីវភាពលំបាកខ្វះខាត គ្មានលទ្ធភាព សាងសង់ផ្ទះថ្មី ទើបឯកឧត្តម  មានគោលការណ៍ និងសាងសង់ផ្ទះថ្មីមួយខ្នងជូន លោក ថៃ  វ៉ាន់ធី នៅពេលឆាប់ៗខាងមុខនេះ ដែលជាអំណោលដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីឲ្យមានជីវភាពល្អប្រសើរ មានសុភមង្គល់។

ដោយ ប៊ុន រដ្ឋា