ខេត្តកំពង់ធំ៖ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដែលអង្គភាពសម្រេចបានក្នុងខែមករា ឆ្នាំ២០២០ កន្លងទៅ និងបានវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍ក្នុងការ អនុវត្តតួនាទីភារកិច្ច ដែលបានប្រគល់ ហើយនិងបានដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់កងឯកភាព ស្ថាប័នចំណុះចូលរួមចំនួន ៨៥នាក់ បន្ទាប់ពីស្ថាប័នជំនាញនីមួយៗបានធ្វើរបាយការណ៍ និងមានមតិលើកឡើង ជម្រាប់ជូនសមាជិកក្នុងអង្គប្រជុំរួចមក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងមេបញ្ជាការគ្រប់កងឯកភាពចំណុះ ដែលបានពុះពារគ្រប់ការលំបាក ដើម្បីសម្រេចភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចការធំៗ មួយចំនួនដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបាន នៅក្នុងខែមករាកន្លងទៅមានជាអាទិ៍ដូចជា។
ទី១ ការកសាងអង្គភាព ក្នុងនោះមានការកសាងអគារធ្វើការងារ ការកែលំអសោភ័ណ្ឌភាពក្នុងទីតាំងបន្ទាយ ទី២ ការហ្វឹកហ្វឺនយុទ្ធដំណើរទ័ព តាមផែនការរបស់ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ទទួលបានការកោតសរសើរ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទី៣ ការបំពេញភារកិច្ចការងារសមាគមអតីតយុទ្ធជន ដែលបានខិតខំបម្រើបងប្អូនអតីតយុទ្ធជន ដូចជាការព្យាបាលជម្ងឺជូនបងប្អូនអតីតយុទ្ធជន ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ការសំណេះសំណាលសាកសួរសុខទុក្ខ និងជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាព្រមទាំងការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ដែលមានជម្រករស់នៅមិនសមរម្យ បានល្អប្រសើរគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចសំខាន់ៗ ជូនសមាជិកអង្គប្រជុំ សម្រាប់អនុវត្តបន្ត ទី១ យោធិនគ្រប់រូប និងក្រុមគ្រួសារ ត្រូវខិតខំថែរក្សាសុខភាព ការពារខ្លួនបញ្ជៀសផុតពីជម្ងឺរលាកផ្លូវដង្ហើមថ្មី។
២/ បន្តពង្រឹងតួនាទីភារកិច្ច ក្នុងការបម្រើអង្គភាពឲ្យទទួលបានជោគជ័យ មិនត្រូវធ្វើអ្វីឲ្យខុសទៅនឹងច្បាប់ ខុសពីបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទជាដាច់ខាត និង យកចិត្តទុកដាក់បន្តបម្រើប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតនៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវដោយស្មោះត្រង់ និងដោយឥតលក្ខខណ្ឌ។
ដោយ ប៊ុន រដ្ឋា




































