កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញជាអធិបតី ក្នុងពិធី ស្រោចសុគន្ធវារី ព្រះមណីធម្មោ ទ្រា សំគុណ ត្រូវបានតែងតាំងជាព្រះលេខាធិការអនុគណក្រុងស្ទឹងសែន បំបួសកុលបុត្រចំនួន០៤រូប និងបិទវគ្គអប់រំសីលធម៌ដល់សាមណសិស្ស នៅព្រឹកថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ ដោយមាននិមន្តចូលរួម ព្រះគ្រូនាទីធម្មបាល ខៃ ម៉ៅ ព្រះវិន័យធរគណខេត្ត ព្រះអនុគណ ក្រុងស្ទឹងសែន ព្រះគ្រូចិត្តគុត្តោ ជុំ ម៉ាប់ ជាព្រះចៅអធិការវត្តបុទុមរតន៍ រួមទាំងលោកត លោកយាយ កងកម្លាំងនាយទាហានក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសិស្សានុសិស្សចូលរួមទាំង៥០០នាក់ ស្ថិតនៅវត្តបុទុមរតន៍ ហៅវត្តក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវ មោទកភាពក្រៃលែង ដែលបានដឹកនាំសហការីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា ខណៈពេលដែល វិស័យព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាមាន ភាពរីកចម្រើនគ្រប់ទីតំបន់ និងកំពុងត្រូវបានពង្រឹងដោយមានការការពារជ្រោងថែរក្សាពី សំណាក់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងប្រជាពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី គោរពប្រណិប័ត្តយ៉ាងខ្ជាប់ខ្ជួន ដែលបានជាការចូលរួមអប់រំផ្លូវចិត្តដល់មនុស្សផងទាំងពួងឱ្យប្រព្រឹត្តនូវទង្វើជាកុសលមេត្តាករុណា បញ្ចៀសនូវអំពើហឹង្សាទាំងឡាយពីក្នុងចិត្ត ដើម្បីក្តីសុខសាន្តរបស់បុគ្គលម្នាក់ៗក្នុងគ្រួសារ ក្នុងសហគមន៍ ក្នុងប្រទេសជាតិ និងឈានទៅគ្មានអំពើហឹង្សាក្នុងសាកលលោកទាំងមូល ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាស៍ វិស័យព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាយើងបានរស់ឡើងវិញចាប់ពីថ្ងៃរំដោះ៧ មករាឆ្នាំ ១៩៧៩ បន្ទាប់ពីការបំផ្លិចបំផ្លាញពីសំណាក់របបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត ពីឆ្នាំ១៩៧៥-១៩៧៩ ក្រោមការគ្រប់គ្រងរបស់ប៉ុកពត បានលុបបំបាត់ទាំងស្រុងនូវវិស័យ ព្រះពុទ្ធសាសនា ព្រះសង្ឃត្រូវចាប់ផ្សិត វត្តអារាមត្រូវបានយកធ្វលជាឃ្លាំង និងកន្លែងចញ្ចឹមសត្វ បង្ខំឲ្យប្រជាពលរដ្ឋទូទាំងប្រទេសធ្វើការជាទម្ងន់ សំលាប់មនុស្សបង្អត់អាហារ និងធ្វើទារុណកម្ម គ្រប់សព្វបែបយ៉ាង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ទៀតថា វិស័យព្រះពុទ្ធសាសនា បានរស់ឡើងវិញ ក្រោមថ្ងៃ៧ មករា ១៩៧៩ ក្រោមម្លប់តេជោសន្តិភាព បានធ្វើឱ្យមានការរីកចំរើនប្រជាពលរដ្ឋរស់ដោយក្តីរីករាយសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃនេះ និងមានភាពជឿជាក់ថា ដោយគុណសន្តិភាពទើបធ្វើឱ្យព្រះពុទ្ធសាសនាបានគង់វង្សនិងរីកចម្រើន នៅ ក្នុងឱកាសបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយឧបត្ថម្ភ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនមួយគ្រឿង ស៊ុមសម្រាប់ដាក់លិខិតបញ្ជាក់ការសិក្សាចំនួន ១២០ស៊ុម x ១២០០០
រៀលស្មើរនឹង១,៤៤០,០០០រៀល សម្រាប់ចែកជូនដល់ សាមណសិស្ស ដែលបានបិទវគ្គអប់រំសីលធម៌ ក្នុងវត្តបុទុមរតន៍។
ដោយ ប៊ុន រដ្ឋា





































