ខេត្តកំពង់ធំ ៖ ខ្នងផ្ទះទី១៤២ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ឈ្មោះ នួន សេងនី មានអាយុ៦១ អតីតបម្រើការងារក្នុងជួរកងទ័ពនៅឆ្នាំ ១៩៨៧ នៅអង្គភាពយោធា ខេត្តសៀមរាប ក្រោយមកបានផ្ទេរអង្គភាពទៅនៅអង្គភាព កងពលតូចលេខ២ វិស្វកម្ម ឈរជើងនៅស្រុកបាធាយ ខេត្តកំពង់ចាម និងត្រូវបានក្រសួងការពារជាតិដាក់ឲ្យចូលនិវត្តន៍ នៅឆ្នាំ ២០០៥ បច្ចុប្បន្នរស់នៅ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ ព្រៃ តាហ៊ូ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។ 
ពិធីប្រគល់ផ្ទះនេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងសហការី អមដំណើរដោយ លោក ទង់ គឹមតុល អភិបាលរង ក្រុងស្ទឹងសែន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមប្រគល់ខ្នងផ្ទះទី១៤២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា នៅរសៀលថ្ងៃ២៩ ខែមករា ឆ្នាំ ២០២០។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ផ្ទះថ្មីដែលទើបសាងសង់រួច នេះមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីសរសរបេតុង ឆ្អឹងដែក ជញ្ជាំងនិងដំបូលប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារ ជណ្ដើរកាច់ បច្ចុប្បន្ននេះលោក អនុសេនីយ៍ទោ នួន សេងនី មានកូនចំនួន៣នាក់ នៅក្នុងបន្ទុកមានជីវភាព លំបាកខ្វះខាត មានជម្រករស់នៅមិនសមរម្យ ។
ឯកឧត្ដម សោម ស៊ុន បានបញ្ជាក់អំពីអត្ថប្រយោជន៍៥ យ៉ាងដែលអតីតយុទ្ធជន បានទទួលក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទី១ បងប្អូនបានទទួល ប្រាក់បៀវត្សរ៍ប្រចាំខែ តាម រយៈប្រព័ន្ធធនាគារ ទី២ បងប្អូនមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ប ស ស ទៅពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យរដ្ឋ ទី៣ បងប្អូនទទួលមរណភាពមានប្រាក់ បេឡាមរណសង្គ្រោះ សម្រាប់ធ្វើបុណ្យសព ទី៤ មានប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសព សម្រាប់ រៀបចំជីវភាពរស់នៅ ទី៥ សាងសង់ផ្ទះថ្មីជូនបងប្អូន ដែលគ្មានជម្រកស្នាក់នៅពិតប្រាកដ ឬមានជម្រកស្នាក់នៅមិនសមរម្យ ។
ជាចុងក្រោយ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានពាំនាំនូវជំនួយឧបត្ថម្ភរបស់ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូន មានអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន ២កេស ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនូន ២យួរ និង ថវិកា ចំនួន ២៥០,០០០ រៀល ។
ដោយ ប៊ុន រដ្ឋា





































