ភ្នំពេញ៖ តូបលក់ដូរ នៅក្នុងដីឡូដ៏ជាង៣០តូប ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៤៖៣០នាទីទាបភ្លឺ ថ្ងៃទី៣១ មករា ឆ្នាំ២០២០នេះ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បង្កឡើងដោយសារឆ្លងចរន្តអគ្គិសនីបង្គោលភ្លើង បង្កជាអណ្តាតភ្លើង ក៏រាលឆេះតូបទាំងនោះតែម្តង។
ប្រភពព័ត៍មាន បានឲ្យដឹងថា នៅវេលាម៉ោង៤៖៣០នាទីទាបភ្លឺ មានរណីអគ្គិភ័យមួយបានកើតឡើង នៅចំនុចដីឡូដ៏ប្រ៉ក់សង្គសី សង់ជាតូបលេខ៤២ ផ្លូវវ៉េងស្រេង ក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ម្ចាស់មានឈ្មោះ ចាន់ ធូ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ មូលហេតុមកពីឆ្លងចរន្តអគ្គីសនី ពីបង្គោលភ្លើង ហើយបណ្តាលអោយរាលដាល ចូលដល់តូបលក់ដូរក្នុងដីឡូត៍មួយកន្លែង ដែលមានទំហំ ១៥×២៥ ម៉ែត្រ ដែលមានតូបផ្សារលក់ដូរ របស់ប្រជាពលរដ្ឋ ចំនួនប្រហែល៣០តូប មានទំហំ២×៣ និង ៣×៥ ម៉ែត្រ។
ប្រភពបានឲ្យដឹងទៀតថា អគ្គិភ័យបានរល់ទាំងស្រុង នៅវេលាម៉ោង៥៖៤០នាទីថ្ងៃដដែល ដោយប្រើប្រាស់ឡានទឹក ស្នងការរាជាធានីភ្នំពេញ ចំនួន៦ គ្រឿង បាញ់អស់១២ជើង ឡានទឹកអាវុធហត្ថ២គ្រឿង បាញ់អស់២ជើង ឡានស្រាបៀកម្ពុជា១គ្រឿង បាញ់អស់១ជើង សម្ភារៈខូចខាតឥវ៉ាន់លក់ដូរនៅខាងក្នុងខូចខាត ទាំងស្រុង តែមិនបណ្តាលអោយមានអ្នករងរបួសទេ៕





































