ឯកឧត្តម សុខ លូ ជួបសំណេះសំណាលការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា

0

ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលការងារជាមួយ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ថ្លែងនៅក្នុងកិច្ចប្រជុំចូលជួបសម្ដែងការគួរសមនោះដែរ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច ក្នុងខេត្តកំពង់ធំ ផ្តោតសំខាន់ទៅលើកាពង្រឹងទំនាក់ទំនងចំណង មេត្រីភាព រវាងសហរដ្ឋអាមេរិក ជាមួយព្រះរាជាណាចក្រកម្ពុជា និងស្វែងយល់ពីសកម្មភាពនានា របស់អង្គការដៃគូ ដែលបានគាំទ្រជំនួយដោយសហរដ្ឋអាមេរិក។ លើសពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកំពង់ធំ ដែលតែងតែបង្កលក្ខណៈ និងសហការល្អ ជាមួយអង្គការនានា ដែលបានធ្វើសកម្មភាព ក្នុងខេត្តកំពង់ធំ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក ហើយ ឯកឧត្តម ក៏មានការពេញចិត្ត និងបានធ្វើការកោតសរសើរដល់ដៃគូ អនុវត្តន៍គម្រោងនានា ដូចជា៖ គម្រោងការការពារធនធានធម្មជាតិ ការផ្តល់អាហារូបត្ថម្ភតាមសាលារៀន ការអនុវត្តន៍សួនបន្លែកសិកម្មជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ បានសំណូមពរឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជួយដល់គាំទ្រដល់សកម្មភាព អនុវត្តន៍គម្រោងនានា របស់អង្គការដៃគូ ក្នុងខេត្តកំពង់ធំ និងស្នើសុំជួយដល់ការគាំទ្រលើវិស័យទឹកស្អាត ព្រមទាំង វិស័យអាទិភាពនានាមួយចំនួនទៀត ជាពិសេស គឺស្នើសុំជួយទាក់ទាញក្រុមហ៊ុនវិនិយោគនានា របស់សហរដ្ឋអាមេរិក មកធ្វើការវិនិយោគ ក្នុងខេត្តកំពង់ធំ ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពបន្តជួយគាំទ្រ ដល់សកម្មភាពដៃគូនានា ដែលបានអនុវត្តន៍កន្លងមក។ ដោយឡែកសំណូមពរក្រៅពីនោះ នឹងយកទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលរួមក្នុងវេទិកាប្រជុំពិភាក្សាជាមួយក្រុមហ៊ុនធំៗចំនួន១៧ មកពីសហរដ្ឋអាមេរិក ដែលវិនិយោគលើវិស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនា ថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២០ ខាងមុខនេះ
ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ក្រៃលែង។ ដោយ ប៊ុនរដ្ឋា