សៀមរាប៖ បន្ទាប់ពីហេតុការណ៍ភ្លើងឆេះព្រៃ នៅក្នុងចំការព្រៃពូជក្រញូង នៅភូមិត្រពាំងថ្ម ឃុំឃុនរាម កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានដឹកនាំកម្លាំងចម្រុះរបស់រដ្ឋបាលស្រុក ចំនួន៤០នាក់ រួមជាមួយនឹងត្រាក់ទ័រភ្ជួរកាត់ចំនួន៤គ្រឿង , គោយន្តកន្រ្តៃដឹកទឹកចំនួន១គ្រឿង និង រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ។
ប៉ុន្តែមិនបានប្រើប្រាស់ដោយផ្លូវចូលមិនដល់ បានចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ នៅក្នុងចំការព្រៃពូជក្រញូង ដែលបានឆេះអស់រយៈពេលជាង២ម៉ោង ហើយបានខូចខាតក្នុងទំហំប្រមាណជាង ៣៣ ហិកតារួចហើយនោះ ត្រូវបានពន្លត់វិញបានទាំងស្រុង ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ចំការព្រៃពូជក្រញូងនេះ ជាតំបន់ការពារព្រៃធម្មជាតិមានទំហំ ១.៨០០ ហិកតា ជាព្រៃពូជដ៏សំខាន់ និងតែមួយគត់ ដែលអាចផ្គត់ផ្គង់ពូជកូនឈើក្រញូងនៅក្នុងប្រទេសកម្ពុជាបាន ហើយជាសំណាងបំផុត ដែលយើងបានអន្តរាគមន៍ទាន់ពេលវេលាមិនឲ្យរាល់ដាលដល់ចំការព្រៃក្រញូងទាំងមូល ប្រសិនបើយើងប្រតិកម្មយឺតតែបន្តិច ព្រៃពូជ ក្រញូងនេះ អាចនឹងត្រូវបាត់បង់ ហើយការខូចខាតនេះ ត្រឹមតែព្រៃល្បោះទ្រនាប់ចំការពូជ មិនបានប៉ះពាល់ទៅដល់ស្នូលពូជ និង ឈើ ប្រណិតធំៗនោះទេ ។
លោកអភិបាលស្រុកបន្ទាយ បានឲ្យដឹងទៀតថា ករណីភ្លើងឆេះព្រៃនេះ អាចបណ្តាលមកពីមានការលួចដុតពីក្រុមជនខិលខូច ដើម្បី រកចាប់សត្វខណៈកន្លងមក សកម្មភាពនេះតែងតែកើតមានជារឿយៗនៅក្នុងរដូវប្រាំង ដែលជាទម្លាប់ល្មើសច្បាប់មួយ បានបំផ្លាញដ៏ធ្ងន់ធ្ងរទៅដល់និរន្តភាពនៃព្រៃឈើ និងជីវចម្រុះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលស្រុក នឹងចាត់វិធានការយ៉ាងម៉ត់ចត់ដើម្បីស្វែងរកជនល្មើស និងធ្វើការបង្ក្រាបយ៉ាងតឹងរឹងបំផុត រាល់ការប៉ុនប៉ងសកម្មភាពល្មើសច្បាប់បែបនេះនៅថ្ងៃខាងមុខ។
លោក ឃឹម ហ្វីណង់ បានឲ្យដឹងបន្ថែមទៀតថា កន្លងមក អាជ្ញាធរបានចាត់វិធានការមួយចំនួន ដើម្បីបង្ការភ្លើងឆេះដែរ ដូចជាការជីកប្រព័ន្ធការពារព័ទ្ធជុំវិញ និងការបង្កើតផ្លូវកាត់ផ្តាច់ភ្លើងជាដើម ប៉ុន្តែទំហំនិងទីតាំងភូមិសាស្ត្រនៅក្នុងព្រៃនេះ បង្កលក្ខណៈងាយស្រួលក្នុងការប្រព្រឹត្តបទល្មើសបែបនេះ ដូច្នេះតាមរយៈនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលតែប្រព្រឹត្តសកម្មភាពខុសច្បាប់នេះ សូមឲ្យកែប្រែទម្លាប់ និង ទម្លាក់ចោលរបរប្រភេទនេះ ងាកទៅធ្វើអ្វីដែលត្រឹមត្រូវ ជៀសវាងទទួលផលវិបាក និងប្រឈមមុខនឹងផ្លូវច្បាប់ ៕

ដោយ៖ អ៊ុន ណារាជ្យ




































