មនុស្សចំនួន៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ នៅក្នុងស្រុកប្រាសាទបាគង

0

សៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា នៅនៅវេលាម៉ោង០៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ មានកណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្សចំនួន៤នាក់ ក្នុងនោះស្រ្តីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានម៉ូតូម៉ាក HONDA DREAM C125 ព៌ណ ខ្មៅសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ៖ សៀមរាប 1U.6358 បើកបរដោយឈ្មោះ ជៀប ជិន ភេទប្រុស អាយុ៣៧ឆ្នាំ ធ្វើដំណើរពីទិសខាងលិចឆ្ពោះទៅទិសកើត ដឹកអ្នកជិះពីក្រោយចំនួន០២នាក់ ត្រូវជាឪពុកម្ដាយ ( បានស្លាប់ទាំង០៣នាក់ ) រួមមានឈ្មោះ ស្ងួន ជៀប ភេទប្រុស អាយុ៦៨ឆ្នាំ និង ឈ្មោះ ឆ័ត្រ ព្រែក ភេទស្រី អាយុ៦៧ឆ្នាំ ដែលអ្នកទាំង០៣នាក់នេះ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង បើកបរដោយមិនប្រកាន់ស្ដាំ លុះមកដល់កន្លែងកើតហេតុបានទៅបុកនឹងម៉ូតូម៉ាក HONDA DREAM C125 ព៌ណខ្មៅ សេរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ ៖ សៀមរាប 1C.6483 បើកបរដោយឈ្មោះ ភន ថន ភេទប្រុស អាយុ២៦ឆ្នាំ ( ស្លាប់ ) ជិះម្នាក់ឯង រស់នៅភូមិយាងទេស ក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរពីទិសខាងកើតឆ្ពោះទៅទិសលិច ។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចទៅដល់ភ្លាមៗ ដោយធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ហើយសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកឯម៉ូតូរបស់សពទាំងសងខាង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគបាលស្រុកប្រាសាទបាគង រង់ចាំក្រុមគ្រួសារសពទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ អ៊ុន ណារាជ្យ