គណៈកម្មការជាតិយូណេស្កូ និងសាកលវិទ្យាល័យSungkyunkwanនៃប្រទេសកូរ៉េខាងត្បូង ដឹកនាំនិស្សិតមកសិក្សាស្វែងយល់ពីកិច្ចការអាជ្ញាធរជាតិអប្សរា

0

សៀមរាប: នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្ស តិកភណ្ឌអង្គរ បានទទួលជួបប្រតិភូមកពីប្រទេសក៉រ៉េខាងត្បូង ដឹកនាំដោយលោកបណ្ឌិត Cindy Si Yeon Rim អ្នកឯកទេសកម្មវិធីសិក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិយូណេស្កូ និងលោក KIM Kwibae ជំនួយការអគ្គលេខាធិការនៃស្ថាប័នសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េ។

ជំនួបនេះ ក្នុងគោលបំណងស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងវិស័យបេតិភណ្ឌ និងដំណើរការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ជាការចែករំលែកចំណេះដឹងទៅដល់សិស្ស និស្សិតកូរ៉េខាងត្បូង។

ក្នុងនោះដែរ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងនូវព័ត៌មានទូទៅរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ភាគីប្រទេសកូរ៉េ អំពីតួនាទី និងភារកិច្ចសំខាន់ៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរដល់ស្ថាប័នទាំងពីររបស់ប្រទេសកូរ៉េខាងត្បូង។

លើសពីនេះ ក៏មានការលើកឡើងជាសំណួរមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នូវចម្ងល់ផ្សេងៗដើម្បីស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធនឹងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ៕