ជន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​ពីរ​នាក់​បាន​បាញ់ប្រហារ​៣​គ្រាប់​ទៅលើ​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ម្នាក់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​

​ភ្នំពេញ​: មន្ត្រី​ស្ថានទូត​អូស្ដ្រាលី​ម្នាក់​កំពុង​បើកបរ​រថយន្ត​ត្រូវបាន​ខ្មាន់កាំភ្លើង​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​ចូល​ក្នុង​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រលប់​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៤ នៅ​ចំណុច​ក្បែរ​របង​វត្ត​ដំបូក​ខ្ពស់ ផ្លូវ​លេខ​៦៩​បេតេ ស្ថិតនៅក្នុង​ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​បុរស​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាន វុទ្ធី អាយុ​៥៩​ឆ្នាំ​ជា​មន្ត្រី​ស្ថានទូត​អូស្ត្រាលី ស្នាក់នៅ​ក្នុង​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។​
​បើតាម​សម្តី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ទៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-6664 ធ្វើដំណើរ​តាម​ផ្លូវ​លេខ​៦៩​បេតេ តែម្នាក់ឯង ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​មិន​ចាំ​ម៉ាក ដោយ​មួយគ្រឿង​បាន​ជិះ​មក​ជិត​អែប​ខាងឆ្វេង​រថយន្ត ហើយ​ក៏​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​សំដៅ​ទៅ​ក្នុង​រថយន្ត​ចំនួន​៣​គ្រាប់ ត្រូវ​ចំ​កញ្ចឹងក​ជនរ​ង​គ្រោះ​ចំនួន​២​គ្រាប់​រងរបួស​ធ្ងន់ បន្ទាប់​ពី​ជនសង្ស័យ​បាញ់ប្រហារ​រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ហើយ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាយ័ន​ភ្លាមៗ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវបាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះបន្ទាន់​។​
​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​អំពី​ករណី​ខាងលើ​នេះ​ថា​បណ្តាល​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ​។ បើតាម​សម្តី​លោក គិត សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បានឲ្យដឹងថា ករណី​បាញ់ប្រហារ​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ ប៉ុន្តែ​បើ​តាម​ការសន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ទំនងជា​រឿង​គំនុំ ព្រោះ​ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​បាញ់​សំដៅ​ទៅលើ​បណ្ដាលអោយ​រងរបួស​ហើយ​គេចខ្លួន​បាត់​ដោយ​មិន​បាន​យក​អ្វី​ពី​ជនរងគ្រោះ​នោះទេ ។​​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​៕​

1 3 4