អភិបាលខេត្តកំពង់ធំចូលរួមពិធីឡើងអ្នកតាតាមជំនឿអ្នកភូមិនិងលើកកម្ពស់ការថែរក្សាទំនាមទំលាប់ប្រពៃណីដូនតា

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងមន្រ្តីរាជការ បានអញ្ជើញចូលរួម ក្នុងពិធីឡើងអ្នកតាំដែលជាជំនឿរបស់អ្នកភូមិជាយូរលង់ណាស់មកហើយ និងជាទំនាមទំលាប់ប្រពៃណីតាំងពីបុរាណ មកផងដែរ ដែលអ្នកស្រុកសម័យមុនមានជំនឿយ៉ាងមុតមាំថា ការបន់ស្រន់ដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា អាចធ្វើឲ្យអ្នកភូមិ មានសេចក្តីសុខ សេចក្តីចម្រើន បញ្ជ្រាស់ផុតពីឧបទ្រុបចង្រៃ កុំឲ្យកើត ជំងឺឈឺស្កាត់ដល់អ្នកភូមិ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មិនត្រឹមតែមានឧបនិស្ស័យនិងការជំនឿរបស់ប្រជាពលរដ្ឋ ថែមទាំងបានចូលរួមគាំទ្រ ឲ្យបងប្អូនខ្មែរ និងបងប្អូនជនជាតិភាគតិច បន្តថែរក្សាទំនាមទំលាប់ ប្រពៃណីតាំងពី ដូនតានេះបន្តទៀត ដែលជាការចូលរួមចំណែក ក្នុងការថែរក្សាអភិរក្សមរតក វប្បធម៌ របស់ជាតិ សម្រាប់ កូនចៅជំនាន់ក្រោយទៀត ជាពិសេសនោះ ការថែរក្សាទំនាមទំលាប់វប្បធម៌សម័យដើម គឺជាវិស័យមួយ អាចទាក់ទាញនូវវិស័យទេសចរណ៍ សម្រាប់ជួយអភិវឌ្ឍន៍សង្គមជាតិ និងបង្កើនប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ។

ជាក់ស្តែងនៅ រសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សុខ លូ និងសហការី បានចូលរួមក្នុងពិធី ឡើងលោកតាជ័យ ដែលជាប្រជាពលរដ្ឋ ឲ្យឈ្មោះថាជាលោកតា ចាស់ស្រុក ស្ថិតនៅភូមិជ័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានលោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម យ៉ាងអធឹកអធ័ម ក្នុងឳកាសនេះផងដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភពិធីឡើងអ្នកតា ចំនួន២លានរៀល រួមទាំងអង្ករ និងភេសជ្ជៈជាច្រើនផងដែរ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ផ្តាំផ្ញើរដល់លោកតា លោកយាយ និងប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានផ្តល់ពាក្យស្លោកមួយដល់បងប្អូនប្រជាជាតិខ្មែរ ថា អគុណសន្តិភាព ដូច្នេះបើមិនមានសន្តិភាព យើងមិនអាចមកទីនេះបានទេ ខ្ញុំក៏មិនអាចឈរនៅទីនេះ ជួបមុខ ពុកម៉ែបងប្អូន លោកតា លោកយាយ ស្នងរូបបានទេ នេះគឺដោយសារតែប្រទេសយើងមានសន្តិភាព អញ្ចឹងទេធ្វើម៉េចពុកម៉ែបងប្អូន ខិតខំថែរក្សាសន្តិភាព សុខសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ ឲ្យបានយូរ អង្វែងបន្តទៅទៀត នេះគឺជាសេចក្តីប៉ងប្រាថ្នារបស់រាជរដ្ឋាភិបាល របស់យើងទាំងអស់គ្នា សង្ឃឹមថាថ្ងៃ ក្រោយបើយើងរក្សាសន្តិភាពបាន គឺកូនចៅរបស់ពុកម៉ែបងប្អូន ថ្ងៃក្រោយគឺមិនជួបសេចក្តីលំបាកទេវនានោះទេ ប្រាកដជាស្គាល់នូវសុខសន្តិភាព មិនជួបការលំបាកទៀតទេ យើងត្រូវរួមគ្នារក្សាសុខសន្តិភាព ក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំនាវាសន្តិភាពឆ្ពោះទៅរក ការអភិវឌ្ឍន៍ រីកចម្រើន ។

ដោយ ប៊ុន រដ្ឋា