ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគេន កុំព្យូទ័រលើតុមួយគ្រឿង ព្រមទាំងភេសជ្ជៈចំនួន១២កេស និងថវិកាមួយចំនួន ដល់ព្រះចៅអធិការ វត្តពោធិមានជ័យ ហៅវត្តវល្លិ៍យាវ តាមការបិណ្ឌបាត្រពីព្រះគ្រូចៅអធិការនិងព្រះសង្ឃ លោកអាចារ្យវត្ត ដើម្បីបង្កើនសមត្ថភាព ក្នុងការសិក្សាស្រាវជ្រាវដល់សមណេសិស្ស ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
កិច្ចប្រគល់នេះកុំព្យូទ័រ និងភេសជ្ជៈ និងបច្ច័យ ដល់ព្រះសង្ឃនៅវត្តពោធិមានជ័យ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសប្បុរសជន ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានលោកតា លោកយាយ ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២០។
សម្រាប់ការប្រគល់ កុំព្យូទ័រលើតុ មួយគ្រឿងដែលមានតម្លៃ៣២០ដុល្លារ ទឹកផ្លែឈើចំនួន១២កេស និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃនៅវត្តពោធិមានជ័យ តាមសំណូមពរព្រះគ្រូចៅអធិការវត្តដើម្បីបម្រើឱ្យការសិក្សារៀនសូត្ររបស់សាមណសិស្ស និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃចំនួន.៤២អង្គ ដែលកំពុងស្នាក់នៅរៀនសូត្រក្នុងទីវត្តអារាមនេះផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត កន្លងមកបានជួយដល់អារាមនេះ ដែលជាអំណោយសម្បុរសជន របស់ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងសហការីបានប្រគេនស៊ីម៉ងត៍ ខ្សាច់ និងថវិកាក្នុងការចូលរួមចំណែកក្នុងការសាងសង់សាលាពុទ្ធិកបឋមសិក្សា និងទ័យ្យទានមួយចំនួនទៀត។
ព្រះតេជគុណ សុខ មុនី ព្រះគ្រូចៅអធិការវត្តពោធិ៍មានជ័យ មានសង្ឃដិការ អគុណឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីដែលតែងតែយកចិត្តទុកដាក់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃនិងចូលរួមចំណែកក្នុងសកម្មភាពសាងសង់នៅក្នុងទីវត្តអារាម ព្រះសង្ឃ ប្រជាពលរដ្ឋ និងឧបាសក ឧបាសិកា ចំណុះជើងវត្ត មានសេចក្ដីត្រេកអរនិងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាព មនុស្សធម៌របស់មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជានិច្ចការ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងព្រះសង្ឃដែលមានការខ្វះខាតនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ តាមលទ្ធភាពដែលធ្វើទៅបាន។
ដោយ ប៊ុន រដ្ឋា





































