ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី ០៤ខែកុម្ភៈឆ្នាំ២០២០ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយក្រុមការងារ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ លោកស្រី ពុធ វណ្ណៈ ចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានជម្ងឺ មហារីកសុដន់ ដំណាក់កាលទី៣ កំពុងសម្រាកព្យាបាលនៅផ្ទះរង់ចាំទទួលការវះកាត់ ។
ស្ថិតក្នុងដំណាក់កាល ធ្ងន់ធ្ងរនេះ លោកស្រី ពុធ វណ្ណៈ ត្រូវចាក់ថ្នាំគីមី ចំនួន០៦លើកជាមុនសិន គឺ២១ថ្ងៃចាក់ម្តងរហូតគ្រប់០៦ដង ទើបឈានទៅ ធ្វើការវះកាត់។
ដោយមើលឃើញពីទំហំនៃការចំណាយព្យាបាលអស់ថវិកាច្រើន ឯកឧត្តម រ័ត្ន ស៊្រាង បានប្រគល់ ថវិកា ឧបត្ថម្ភ ដល់លោកស្រី ពុធ វណ្ណៈ ដើម្បីជាការជួយសម្រាលបន្ទុកចំណាយ ចំនួន ១០លាន ៤០ម៉ឺនរៀល (១០,៤០០,០០០៛) ក្នុងនោះមានថវិការបស់ឯកឧត្តមផ្ទាល់ ចំនួន ១០លានរៀល និង សាលាសង្កាត់ព្រែកកំពឹស ចូលរួម ៤០ម៉ឺនរៀល(៤០០,០០០៛) ព្រមជាមួយភេសជ្ជៈគ្រប់មុខចំនួន ០៨កេស ជាអំណោយសួរសុខទុក្ខផងដែរ ។
បន្ទាប់ពីបានសួរសុខទុក្ខអ្នកជម្ងឺរួច ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញចុះត្រួតពិនិត្យមើល សាលាបុណ្យភូមិព្រែកកំពឹស ដែលឯកឧត្តមបានឧបត្ថម្ភថវិកាជួយជួសជុលកែលម្អឡើងវិញ និងសន្យាថានឹងបំពាក់ អំពូលសូឡា ឲ្យបានគ្រប់សាលាបុណ្យភូមិ គ្រប់ភូមិទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹសទៀតផង៕






































