ភ្នំពេញ៖ កម្លាំង នគរបាល របស់មន្ទីរប្រឆាំង គ្រឿងញៀនបានចាប់ជនសង្ស័យម្នាក់ញាត់ចូលរថយន្ត កាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅចំណុចខារ៉ាអូខេ ស៊ីធីឡាយ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា។
យោងតាមប្រភពព័ត៌មានពីសន្តិសុខរបស់ខារ៉ាអូខេ ស៊ីធីឡាយ បានអោយដឹងថា មុនពេលធ្វើ ការ ឃាត់ ខ្លួនជនសង្ស័យនេះ គឺជនសង្ស័យម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ(៥៧០) ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ២-០០៧៧ បានបើកចូលមកកម្សាន្តក្នុងខារ៉ាអូខេខាង លើជាមួយ មិត្តភ័ក្តិច្រើននាក់ទៀត ស្រាប់តែមួយសន្ទុះក៏មានរថយន្ត៣គ្រឿងមួយគ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌ស មួយគ្រឿងម៉ាករ៉េវហ្វ័រ ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកតូយ៉ូតាវីហ្គោ ពណ៌ស្ករ បានមក ឈប់ ហើយ មនុស្សក្នុងរថយន្តចុះពីរថយន្តឈរចាំបុរសដែលជាម្ចាស់រថយន្តឡង់គ្រីស័រ ចេញមកក៏ធ្វើការគ្រៀក និងចាប់បុរសខាងលើនេះញាត់ចូលរថយន្តពួកគេហើយនិងបានប្រាប់ក្រុមសន្តិសុខថា ពួកគេជា សមត្ថកិច្ចព្រហ្មទណ្ឌរបស់មន្ទីរប្រឆាំងគ្រឿងញៀន ហើយចំពោះបុរសនេះគឺជាជនសង្ស័យជំពាក់ លុយទើបត្រូវគាត់ឃាត់ខ្លួនយកទៅធ្វើការសាកសួរសិន ដោយបន្សល់តែរថយន្តម៉ាក ឡង់គ្រីស័រ(៥៧០) មួយគ្រឿងនៅមុខ ខារ៉ាអូខេ ស៊ីធីឡាយតែប៉ុណ្ណោះ ។
ទាក់ទិននិងករណីខាងលើនេះដែរសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ផងដែរ និងបានខ្សឹប ប្រាប់អ្នកសារព័ត៌មានថា បុរសដែល ត្រូវគេឃាត់ ខ្លួននេះគឺជាមុខសញ្ញាដែលគេតាមយូរហើយ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានក៏ព្យាយាមទំនាក់ទំនងទៅសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿង សួរអោយច្បាស់ ពីការ ឃាត់ខ្លួនជនសង្ស័យខាងលើនេះ អោយបាន ច្បាស់ ផង ដែរ៕




































