កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញដល់អភិបាលស្រុកកងមាស ត្រូវខិតខំអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការបង្ខិតសេវាឲ្យនៅជិតកៀកនឹងប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការថ្លែងបែបនេះ ខណៈដែលឯកឧត្ដមបានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកងមាស ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកកងមាស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងស្រុក ជាច្រើនរូបផងដែរ។
ដោយពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ គឺលោក ភោគ សាវុធ ពីអភិបាលរងស្រុក ត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកកងមាស ជំនួសលោក មឿន ផា ដែលត្រូវចូលនិវត្តន៍ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការផ្លាស់ប្ដូរ និងការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមព្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុង ស្រុក ពោលគឺមិនមែនដោយសារបញ្ហាប្រឈម ដែលត្រូវផ្លាស់ប្ដូរនោះទេ គឺដល់អាយុកាលត្រូវចូលនិវត្តន៍។ 
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា ក្នុងនាមជាគណៈអភិបាលស្រុក ត្រូវខិតខំបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសេីរ និងខិតខំដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាងនេះទៅទៀតការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ដេីម្បីស្របទៅតាមការកែទម្រង់ គោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕





































