ផ្ទះឈើមួយខ្នងនៅស្រុកជាំក្សាន្ត ត្រូវបានព្រះអគ្គីលេបត្របាក់ខ្ទិចគ្មានសល់ ក្រោយពេលផ្ទុះសេខ្សែភ្លើងសូឡា ខណៈម្ចាស់ផ្ទះមិននៅ !

0

ព្រះវិហារ៖ ផ្ទុះសេខ្សែភ្លើងសូឡា ស្របពេលម្ចាស់ផ្ទះមិននៅ បណ្តាលអោយក្លាយជាព្រះអគ្គីឆេះលេចត្របាក់ខ្ទិចគ្មានសល់ ផ្ទះឈើមួយខ្នងទំហំទទឹង៧ម៉ែត្រ និងមានបណ្តោយ៩ម៉ែត្រ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់មួយចំនួនធំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង២៥នាទី ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចអូរដា ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

អធិការនគរបាលស្រុកជាំក្សាន្ត លោកវរសេនីយ៍ទោ ឱ សេង បានបញ្ជាក់ថា ក្រោយពេលដែលទទួលបានព័ត៌មាន ថាមានករណីភ្លើងឆេះផ្ទះនៅចំណុច ក៏ដូចជាភូមិសាស្ត្រខាងលើ លោកបានដឹកនាំកម្លាំង ព្រមជាមួយនឹងរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចេញ ដើម្បីជួយអន្តរាគមន៍ភ្លាមៗដែរ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ គឺបានត្រឹមតែទៅពន្លត់រងើកភ្លើង និងបាញ់ការពារកុំអោយភ្លើងឆេះរើករាលដាលទៅផ្ទះអ្នកជិតខាងតែប៉ុណ្ណោះ។ ពិព្រោះការទទួលបាននូវព័ត៌មានយឺត ហើយផ្លូវមានចំងាយឆ្ងាយផង ។

លោកអធិការស្រុក បានបញ្ជាក់ប្រាប់អោយដឹងដែរថា មូលហេតុដែលធ្វើអោយមានអគ្គីភ័យកើតឡើងនោះ គឺបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងសូឡា ដែលដាក់នៅលើផ្ទះក្នុងបន្ទាប់ ហើយស្របពេលដែលស្ត្រីម្ចាស់ផ្ទះគាត់រវល់ទៅរកទិញម្ហូប នៅសល់តែកូន នៅឯដីខាងមុខផ្ទះ ។ នេះបើតាមព័ត៌មានដែលសមត្ថកិច្ចទទួលបានពីម្ចាស់ផ្ទះ ។

លោកថា ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មោះ ហុង វីរៈ មុខរបរនគរបាលព្រំដែនគោកវរៈ៧៩៣ បានរងនូវការខូចខាតសម្ភារៈមានដូចជា៖ ផ្ទះមួយខ្នងទំហំ ៧x៩ម៉ែត្រ, ប្រាក់ដុល្លារ ២ពាន់ដុល្លារ, គ្រែចំនួន 3, តុទឹកតែ ១, សូឡា ២ឈុត, ទូរទស្សន៍មួយ, កាំភ្លើង១ដើម, គ្រាប់ចំនួន១២០ គ្រាប់, ម៉ាស៊ីនភ្លើងមួយ, ម៉ាស៊ីនបាញ់ខ្យល់មួយ, ទូរសព្ទ១គ្រឿង, កៅអី ៣០, តុបាយ២, វិទ្យុទាក់ទងមួយ រួមនិងរបស់ប្រើប្រាស់មួយចំនួនផ្សេងទៀត៕ សួនលីណា