ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ពីមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺបានឲ្យដឹងថានៅក្នុងមន្ទីរមួយនេះបានកើតមាននៅអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំដែលប្រព្រឹត្តឡើងដោយលោកប្រធានមន្ទីរ សម សោភ័ណ្ឌ និងលោកស្រីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុឈ្មោះ ច័ន្ទ រតនា តាមរយៈការកឹបកេងប្រាក់លើគ្រប់ជំពូករួមនិងការកឹបកេងប្រាក់ខែគ្រូពុទិ្ធកសិក្សាអស់ជាច្រើនអង្គ/នាក់។ តាមប្រភពដដែលបានឲ្យដឹងថា នៅឆ្នាំ២០១៣មន្ទីរធម្មការខេត្តកំពង់ស្ពឺបានកាត់ប្រាក់ខែគ្រូពុទ្ធិកសិក្សាក្នុងមួយអង្គ/នាក់យ៉ាងតិច ៦០,០០០រៀល ពីគ្រូពុទិ្ធកសិក្សាជាប់កិច្ចសន្យាជាង១០០អង្គ/នាក់ តាមរយៈលោកស្រី ច័ន្ទ រតនា ដោយមានបញ្ជាពីលោកប្រធានមន្ទីរ សម សោភ័ណ្ឌ ។
ក្រៅពីនោះលោកប្រធានមន្ទីរនិងលោកប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុក៍បានកឹបកេងលើប្រាក់បុរេប្រទាននិងប្រាក់ទូទាត់ត្រង់មួយចំនួនបន្ថែមទៀតដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ចំណែកមន្ត្រីសំខាន់ៗថែមទៀតមិនទទួលបានផលប្រយោជន៍ទេ។ សូមបញ្ជាក់ថានៅឆ្នាំ២០១៣មន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺបានចំណាយថវិការជាតិអស់ទឹកប្រាក់ចំនួន ៥៧៧,៧៧៥,៩៧២ រៀល ដោយចំណាយលើជំពូក៦០អស់ ៦៤,៤១៧,៤៤០ រៀល ក្នុងនោះចំណាយលើប្រេងឥន្ធនៈនិងប្រេងរំអិលអស់ចំនួន១៩,៦៣៤,៤០០ រៀល ចំណាយលើសម្ភារៈផ្គត់ផ្គង់រដ្ឋបាលអស់ចំនួន១៤,២៧០,០០០ រៀល ចំណាយលើសម្ភារៈនិងបរិក្ខាអស់ចំនួន១៩,៦៣០,០០០ រៀល ចំណាយលើទឹកនិងភ្លើងអស់ចំនួន១០,៨៨៣,០៤០ រៀល ។
ជំពូក៦១អស់ទឹកប្រាក់ចំនួន ៥៩,០០០,០០០ រៀល ដោយចំណាយលើផ្នែកថែទាំនិងជួសជុលអាគារ។ ជំពូក៦២អស់ទឹកប្រាក់ចំនួន២៣,៦៧៨,៣៣៤ រៀល ដោយក្នុងនោះចំណាយលើផ្នែកទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយអស់ចំនួន៦,៤៤៥,០០០ រៀល ចំណយទូទាត់សោហ៊ុយក្នុងប្រទេស(បេសកម្ម)អស់ចំនួន១៣,៤០០,០០០ រៀល ។ ចំណាយលើជមពូក៦៤អស់ចំនួនទឹកប្រាក់៤៣០,៦៨០,១៩៨ រៀល ដោយចំណាយលើប្រាក់លាភការនិងប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រេយ៍អស់ចំនួន២០៣,៤៩១,១៩៨ រៀល ចំណាយលើប្រាក់លាភការនិងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ និងបុគ្គលិកអណ្តែតអស់ចំនួន២០៣,៥៦០,០០០ រៀល ចំណាយលើប្រាក់វិភាជន៍សង្គមអស់ចំនួន២៣,៦២៩,០០០ រៀល ។
ប្រាក់ទាំងនេះគ្រាន់តែជាតួលេខដែលមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺបានដកចេញពីធនាគារតាមរយៈរតនាគារខេត្ត ប៉ុន្តែសម្រាប់ការចាយថវិការនេះជាក់ស្តែងគឺត្រូវបានគេកឹបកេងអស់យ៉ាងច្រើន ហើយគេធ្វើឯកសារបំប៉ោងតួលេខចំណាយដើម្បីបង្គ្រប់តាមចំនួនសាច់ប្រាក់ដែលគេយកមកចាយនោះ។ ជាក់ស្តែងនៅឆ្នាំ២០១៣គ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យាជាង១០០អង្គ/នាក់ ដែលមួយអង្គ/នាក់ត្រូវទទួលបានប្រាក់១,៤០០,០០០ រៀល ប៉ុន្តែជាក់ស្តែងគឺគ្រូមួយអង្គ/នាក់ត្រូវបានលោកស្រីប្រធានការិយាល័យ ច័ន្ទ រតនា កាត់យកក្នុង១អង្គ/នាក់យ៉ាងតិច៦០០,០០០ រៀល ។ ហើយសម្រាប់ការចំណាយលើជំពូក៦៤ផ្នែកប្រាក់វិភាជន៍សង្គមក្នុងនោះគឺការចំណាយលើមន្ត្រីមានជម្ងឺនិងឧបត្ថម្ភអ្នកសម្រាលកូនមានទឹកប្រាក់ចំនួន២០,៨០០,០០០ រៀល ប៉ុន្តែប្រាក់នេះមន្ត្រីក្របខ័ណ្ឌក្នុងមន្ទីរដែលមានចំនួនជាង៣០នាក់គឺអ្នកទទួលបានប្រាក់ឧបត្ថម្ភនេះប្រហែល១០នាក់ ហើយម្នាក់ៗទទួលបានការឧបត្ថម្ភយ៉ាងច្រើនត្រឹម៧០០,០០០ រៀល ចំពោះប្រាក់ដែលសល់ជាង១០លានរៀលទៀតត្រូវបានលោកប្រធានមន្ទីរនិងលោកស្រីប្រធានការិយាល័យចំណាយផ្ទាល់ខ្លួន។
ចំណែកប្រាក់ទូទាត់សោហ៊ុយក្នុងប្រទេស(បេសកម្ម)មានចំនួន១៣,៤០០,០០០ រៀល ក្នុងនោះមានការបំប៉ោងតួលេខនៃបេសកម្មយ៉ាងច្រើនដើម្បីយកថវិការនេះបម្រើរផលប្រយោជន៍ផ្ទាល់ខ្លួន បើតាមសកម្មភាពការងារមន្ទីរមួយនេះកំរមានបេសកម្មចេញក្រៅខេត្តដែលត្រូវចំណាយប្រាក់ច្រើននោះទេ។ ហើយនៅពេលថ្មីៗនេះមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺបានបើកប្រាក់ខែគ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន១៤៦អង្គ/នាក់សម្រាប់រយៈពេល៤ខែនៃការបង្រៀនសម្រាប់កិច្ចសន្យា១០ខែដោយ១អង្គ/នាក់ទទួលបានប្រាក់ក្នុង១ខែបាន១៤០,០០០ រៀល ស្មើនឹង៥៦០,០០០ រៀល ប៉ុន្តែនៅពេលបើប្រាក់នេះលោកស្រី ច័ន្ទ រតនា មិនបានកាត់កងប្រាក់ដូចឆ្នាំ២០១៣ទេដោយក្លាចធ្លាយរឿងដល់ការ
សែត តែតម្រូវឲ្យគ្រូទាំងនោះជួយឧបត្ថម្ភប្រាក់មួយចំនួនដល់គាត់ដោយអះអាងថាដើម្បីចេញថ្លៃរត់ការបើកប្រាក់នេះយកមកជូនគ្រូ សម្រាប់គ្រូមួយចំនួនធំជាព្រះសង្ឃគឺបានបង់ប្រាក់ជូនលោកស្រីប្រធានការិយាល័យដដែល គ្រាន់តែអស់ប្រាក់តិចជាងមុនបន្តិចប៉ុណ្ណោះ។ បើនិយាយអំពីរឿងអាស្រូវពុករលួយនៅមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺគឺមានច្រើនករណីគ្រាន់បើតែដោយអស់ពេលសូមតាមដាននៅវគ្គក្រោយដែលនិយាយអំពីចំណុចអំពើពុករលួយដែលមន្ត្រីល្មមៗនៅក្នុងមន្ទីរមួយនេះមើលឃើញតែមិនអាចស្វែងយល់បាន។