ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និង​រដ្ឋបាលខត្តកំពង់ចាម​ ពិភាក្សារកបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឆ្លើយតបទៅតាមសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

0

កំពង់ចាម​: ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីឈ្វេង យល់អំពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ខេត្ត ព្រមទាំងនាំយកនូវបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ មកពិភាក្សា និងរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅតាមសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងកិច្ចពិភាក្សាគ្នានេះបានធ្វើឡើង នៅសាលាខេត្តកំពង់ចាម​ នាថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក ប៊ុនឈឿន បានជម្រាបជូន អាជ្ញាធរ ខេត្តថា កាលពីថ្ងៃទី០៤ និងថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០២០ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់ សេវាសាធាណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។
ជាមួយគ្នា​នោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមភាគទី២ ដែលបានចុះរៀបចំវេទិកា ប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមព ររបស់ក្រុមប្រឹក្សាឃុំ ដើម្បីជាព័ត៌មានបន្ថែមទៀតឱ្យខេត្តបន្ត ធ្វើការដោះស្រាយជូន ប្រជាពលរដ្ឋ។
ដោយ​ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលអង្គវេទិកាបានរកឃើញ អាជ្ញាធរខេត្តគ្រប់លំដាប់ ថ្នាក់បានខិតខំ ប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួនហើយបញ្ហាដែលនៅសេសសល់ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត។ រីឯបញ្ហាមួយចំនួនទៀតដែលមិនមែនជាសមត្ថកិច្ចរបស់ខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់គណៈប្រតិភូ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ។ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ុក ប៊ុនឈឿនបានផ្តល់អនុសាសន៍ដល់អាជ្ញាធរខេត្តសូមធ្វើការដោះស្រាយបញ្ហាប្រឈមទាំង ឡាយដែលថ្នាក់មូលដ្ឋានបានលើកឡើង ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ ប្រជាពលរដ្ឋ។ចំពោះបញ្ហាប្រឈមនិងសូមណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ពាំនាំ និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាដើម្បីលើកជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ៕