ភ្នំពេញ៖ ក្រុមអ្នកវិនិយោគិនមកពីប្រទេសអាល្លឺម៉ង់ ដែលកំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសិក្សារកទីតាំងជាក់លាក់ ដើម្បីដាំដើមឫស្សីនៅក្នុងប្រទេសកម្ពុជា សម្រាប់កែច្នៃផលិតផលសម្រច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោក THUREING AUNG នាយកក្រុមហ៊ុន LIPP Engineering Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានទទួលការគាំទ្រពីលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បោះទុនវិនិយោគលើការដាំដុះដើមឫស្សីដោយប្រើពូជពីបរទេស សម្រាប់ប្រើប្រាស់លើវិស័យថាមពល និងកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែកុម្ភៈនេះ លោក THUREING AUNG បានបញ្ជាក់ថា ក្រុមហ៊ុន បានបម្រុងទុនប្រមាណ ៧៥០លានដុល្លារ លើគម្រោងដាំដើមឫស្សី និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា ក្នុងដំណាក់កាលទី១ លើផ្ទៃដីសរុបជាងចំនួន ២ម៉ឺន ៥ពាន់ហិកតា។ គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះ មានតម្លៃបន្ថែមទ្វេដង និងអាចទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី។
ក្នុងទុនវិនិយោគដ៏ច្រើននេះ ក្រុមហ៊ុន នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥ម៉ឺននាក់ ដោយបណ្តុះបណ្តាលជំនាញដល់កម្មករ និងការផ្តល់ជូនការស្នាក់នៅក្នុងអគារ បង្កើតសាលារៀន មន្ទីរពេទ្យសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
គម្រោងវិនិយោគដាំដើមឫស្សីនេះ ត្រូវបានលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រ ដោយរំពឹងថា កម្ពុជា មានធនធានឫស្សីយ៉ាងច្រើន និងជាលក្ខណ: អំណោយផលក្នុងការដាំដុះដ៏ល្អប្រសើរ ខណៈកម្ពុជានៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលនៅឡើយ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីកសិកម្ម ក្រុមហ៊ុនទទួលបានការណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយនឹងរដ្ឋបាលព្រៃឈើ ដើម្បីជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជន សហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ ដោយក្រសួង រង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក។
សូមបញ្ជាក់ថា គម្រោងវិនិយោគដាំដើមឫស្សីនេះ នឹងអាចប្រមូលផលបានក្រោយការដាំដុះក្នុងរយៈពេល៤ឆ្នាំ ខណៈក្រុមហ៊ុននេះ មានបទពិសោធន៍គ្រប់គ្រាន់ ទាំងការដាំដុះ កែច្នៃ និងទីផ្សាររួចហើយ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេសអាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុបផងដែរ៕