ព្រះវិហារ៖ រថយន្តខ្នាតយក្សប្រភេទវេអង១គ្រឿង ដឹកអង្កាមពីលើ បង្កប់ឈើពីក្រោមជាង ៤០ម៉ែត្រគូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុករវៀង សហការជាមួយកម្លាំងបរិស្ថានបឹងពែ បង្ក្រាបតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ចំណុចមុខផ្សារលោកឧកញ៉ា ទ្រី ភាព បឹងទន្លេម្រិច ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿងដែលឃាត់ទុកនៅពេលនេះ ជាប្រភេទវេអង ពាក់ស្លាកលេខ ភ្នំពេញ ៣A.៥៦៧១ ក្បាលស ទ្រុងខៀវ រថយន្តនេះជារបស់ប្តីប្រពន្ធពីរនាក់ ប្តីឈ្មោះ យ៉េង និងប្រពន្ធ ឈ្មោះ ស៊ុន លី ដឹកឈើគ្មានច្បាប់អនុញ្ញាត ប្រមាណជាង៤០ម៉ែត្រគូប បង្កប់ក្រោមបេអង្កាម រស់នៅភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកត្រាំង ខេត្តតាកែវ ។
លោកថា ក្រោយពីទទួលបានបទបញ្ជាថា មានរថយន្តប្រភេទវេអង១គ្រឿង ដឹកអង្កាមពេញ ដោយមានបង្កប់ឈើពីក្រោម ចេញពីដែនដីខេត្តព្រះវិហារ ក្នុងគោលបំណងឆ្ពោះទៅកាន់ ខេត្តកំពង់ធំ។ ពេលមកដល់ចំណុចស្នាក់ការបរិស្ថានបឹងពែ ក៏បានធ្វើការឃាត់ត្រួតពិនិត្យ និងបានឃើញដាក់អង្កាមពីលើ បង្កប់ឈើពីក្រោម ឈើនោះមានចំនួនជាង ៤០ម៉ែត្រគូស ។
បច្ចុប្បន្នរថយន្តដឹកឈើនោះ ត្រូវបាននាំយកមករក្សាទុកនៅស្នាក់ការបរិស្ថានបឹងពែ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ សួនលីណា





































