ខេត្តកំពត៖ នៅរសៀលថ្ងៃ សៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានប្រារព្ធនូវកម្មវិធីបុណ្យមាឃបូជា ដែលកម្មវិធីនេះបានធ្វើឡើងនៅប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
កម្មវិធីបុណ្យបានប្រារព្ធឡើងមានការនិមន្ត និងអញ្ជេីញចូលរួម នាឱកាសនោះពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវព្រមទាំង មន្ត្រីសង្ឃ ព្រះសង្ឃ រួមនឹង ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត និងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ប្រមាណ៤៥០នាក់។
ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យមាឃបូជា នេះទៀតសោត គោលបំណងចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលទ្រង់ប្រជុំចតុរង្គសន្និបាត និងប្រកាសដាក់ជន្មាយុសង្ខារ។
ពិធីបុណ្យនារសៀលនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំរួម និងពុទ្ធបរិស័ទ បានចូលរួមដង្ហែក្បួនតាមដងផ្លូវក្នុងក្រុងកំពតនឹងធ្វើពិធីវេរគ្រឿងសក្ការៈបូជាស្វាធ្យាយ និងនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនា។ ហើយកម្មវិធីបុណ្យនេះគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមាននិមន្តព្រះសង្ឃធ្វើពិធីបិណ្ឌបាទចំនួន ៥០០អង្គ៕





































