ផ្ទះមួយខ្នងទំហំ១២ម៉ែត្រ នឹងទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិច ត្រូវបានអគ្គីភ័យឆេះខ្ទេច

0

ព្រះវិហារ៖ ផ្ទះមួយខ្នងទំហំ១២ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ ត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចគ្មានសល់ ព្រមជាមួយនឹងទ្រព្យសម្បតិ្ត រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដោយសារការឆ្លងចរន្តខ្សែភ្លើងនៅលើផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩.០០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

នេះបើយោងតាមការឲ្យដឹងនៅក្នុងរបាយការណ៍ហេតុ របស់អធិការនគរបាលស្រុករវៀង លោកវរសេនីយ៍ឯក សាយ ដេត គោរពជូនស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលភ្នាក់ងារទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារទទួលបានតាមប្រព័ន្ធតេលេក្រាម(Telegram) នៅព្រឹកថ្ងៃទី០៩ ខែកុម្ភះ នេះ ។

នៅក្នុងរបាយការណ៍ហេតុ របស់លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានសរសេរបញ្ជាក់ឲ្យដឹងដែរថា ផ្ទះដែលរងការឆេះនេះមានទំហំទទឹង ៨ម៉ែត្រ បណ្តោយ ១២ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ ដំបូលប្រក់ក្បឿង ជាផ្ទះរបស់លោក សេង គឹម និងប្រពន្ធ រម្យ សំណាង រស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកថា មូលហេតុបណ្ដាលមកពីការឆ្លងចរន្តខ្សែភ្លើងនៅលើផ្ទះ ធ្វើឲ្យផ្ទុះសេឆេះខ្សែភ្លើងកើតទៅជាអគ្គីភ័យឡើង បណ្តាលឱ្យផ្ទះមួយខ្នង ទំហំ ១២ម៉ែត្រ នឹងទ្រព្យសម្បត្តិនៅក្នុងផ្ទះ មានដូចជា៖ លុយដុល្លារចំនួន ២៧៩០០ដុល្លារ, លុយរៀលចំនួន ៤០២០០០០៛, ទូរស័ព្ទចំនួន៧, ម៉ូតូចំនួន ៣គ្រឿង, ខ្សែកចំនួន ២តម្លឹងកន្លះ, គ្រែចំនួន៩, តុចំនួន២, ទូសម្អាងចំនួន១ និងសម្ភារះប្រើប្រាស់នៅក្នុងផ្ទះទាំងអស់ ឆេះខ្ទិចគ្មានសល់ ។

នៅក្នុងប្រតិបត្តិការអន្តរាគមន៍ចុះជួយ ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ កម្លាំងជំនាញនគរបាល បានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តអគ្គីភ័យផងដែរ៕ សួនលីណា