គ្រោងចលនាភូមិថ្មី កំពុងអនុវត្តលើភូមិបីក្នុងគោលដៅនៃខេត្តកំពង់ធំ ជួយលើកស្ទួយជីវភាព និងបង្កើតទម្លាប់ល្អដល់ប្រជាបលរដ្ឋ

0

កំពង់ធំ៖ គ្រោងចលនាភូមិថ្មី ដែលកំពុងអនុវត្តន៍លើភូមិគោលដៅចំនួនបី ជួយលើកស្ទួយជីវភាព បង្កើតទម្លាប់ល្អដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈការបង្កើតឲ្យមានទិវាអនាម័យ បណ្តុះ បណ្តាលអំពីការដាំដុះដំណាំជាច្រើនប្រភេទ ផ្តល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាសន្រ្តផងដែរ។

ថ្លែក្នុងពិធីសន្និបាតគ្រោងចលនាភូមិថ្មី កាលពីចុងសប្តាហ៍នេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានលើកឡើងថាក្នុងភូមិគោលដៅទាំងបីភូមិ ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជួយបង្កើតទម្លាប់ល្អ និងបង្កើនជីវភាពប្រជាបលរដ្ឋនៅក្នុងមូលដ្ឋាន។

 

លោកបន្តថា ក្នុងរយៈពេលនៃការអនុវត្តគម្រោងរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ ២០១៩ កន្លងមកនេះ។ គម្រោងបានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិគោលដៅទាំងបី គឺភូមិចំបក់ ភូមិ កំរ៉ែង និងភូមិរការ ទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋនៅប្រទេសកូរ៉េ ដែលបានជួយឧបត្ថម្ភ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា លើគម្រោងជាច្រើនដែលធ្វើប្រជាពលរដ្ឋមានការផ្លាស់ ប្តូរទម្លាប់នៃការរស់នៅគួរឲ្យកត់សម្គាល់ ជាពិសេសការទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ដែលកាលពីចាប់ផ្តើមគ្រោងបង្កើតឲ្យមានទិវាអនាម័យប្រចាំខែដែលមានសំរាម និងកាកសំណល់ ចន្លោះពី២០ ទៅ២៥ បេ ក្នុងមួយខែ។

 

ក្នុងរយៈពេលនៃការផ្សព្វផ្សាយធ្វើឲ្យប្រជាលរដ្ឋមាន ការយល់ដឹងពីការទុកដាក់សំរាម និងកាកសំណល់ប្រើប្រាស់រួច ជាពិសេសកាកសំណល់ថង់ផ្លាស្ទិច សំបកដបបានល្អ ដែលមានការថយចុះ។ ក្រៅពីនេះប្រពន្ធផ្លូវលំ និងធារាសាស្រ្ត មានកាអភិវឌ្ឍន៍ និងជួសជុល ដោយប្រើប្រាស់ថវិការបស់គ្រោងជាបន្តបន្ទាប់ផងដែរ។

 

លោកអភិបាលក្រុងបន្តថា គម្រោងចលនាភូមិថ្មី នឹងត្រូវអនុវត្តក្នុងរយៈពេលពីរឆ្នាំបន្តទៀត គឺឆ្នាំ២០២០ និង២០២១។ ក្នុងនោះដើម្បីគម្រោងនេះអនុវត្តកាន់តែមានប្រសិទ្ធភាព អ្នកដែលពាក់ ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋត្រូវបន្តធ្វើការសហការ ទទួលយកការបណ្តុះបណ្តាលរបស់ អ្នកស្ម័គ្រចិត្ត នៃគម្រោងចលនាភូមិថ្មី ដែលរាប់បញ្ចូលទាំងបច្ចេកទេសកសិកម្ម យុទ្ធសាស្រ្តនៃ ការធ្វើផែនការអភិវឌ្ឍន៍ក្នុងរយៈពេលវែងអាចសម្រេចបានប្រកបដោយប្រសិទ្ធភាព និងជាម៉ូដែលមួយសម្រាប់ជាគំរូអភិវឌ្ឍន៍នៅកន្លែងផ្សេងៗទៀត ក្នុងក្រុងស្ទឹងសែន ក៏ដូចជាក្នុងខេត្តកំពង់ធំផងដែរ។

ដោយ ប៊ុន រដ្ឋា