ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះប្រគល់ខ្នងផ្ទះទី១៤៣ជូនលោកថៃ វ៉ាន់ធី អតីតយុទ្ធជនស្រុកប្រាសាទបាល័ង្គ

0

ខេត្តកំពង់ធំ៖ ខ្នងផ្ទះលើកទី១៤៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនលោក ថៃ វ៉ាន់ធី ជាអតីតយុទ្ធជនស្រុកប្រាសាទបាល័ង្គ តាមរយះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវបាន ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ចុះប្រគល់នៅរសៀលថ្ងៃទី១០ ខែកុម្ភះ ២០២០ ។

ពិធីប្រគល់ផ្ទះជូនលោក ថៃ វ៉ាន់ធី ជាអតីតយុទ្ធជន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋយ៉ាងអធឹកអធ័នៅភូមិឬស្សីដួចថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ  ផ្ទះថ្មីធពីសសរបេតុង ឆ្អឹងដែក ជណ្តើរកាច់ រនាបក្រាលក្ដារ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី កិនភ្លី មានទំហំ ៤ x ៦ម៉ែត្រ បានប្រគល់ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតមានជម្រកស្នាក់នៅមិនសមរម្យ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា អតីតយុទ្ធជន លោកអនុសេនីយ៍ទោ ថៃ វ៉ាន់ធី អាយុ៥៥ឆ្នាំ ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពសាលាហ្វឹកហ្វឺនយោធាខេត្តកំពង់ធំ ហើយបានបញ្ជូនទៅរៀននៅសាលាយោធភូមិភាគទី២ ក្រោយមកបានបញ្ជូនទៅអង្គភាពយោធាស្រុកប្រាសាទបល័ង្គ  កាលអតីតកាល មានឋានន្តរស័ក្តិជាអនុសេនីយ៍ទោ  ប្រធានកងអនុសេនាធំទី១ ហើយធ្លាប់បានចូលរួមប្រយុទ្ធជាច្រើនសមរភូមិផងដែរ នៅក្នុងសម័យសង្រ្គាមរហូតធ្លាក់ខ្លួនពិការនៅឆ្នាំ១៩៩៣។

បច្ចុប្បន្នលោកអនុសេនីយ៍ទោ ថៃ វ៉ាន់ធី មានកូននៅក្នុងបន្ទុកចំនួន ៣នាក់ រស់នៅក្នុងភូមិក្នុងដាច់ស្រយាល ក្នុងផ្ទះទ្រុឌទ្រោម ជញ្ជាំងធ្លុះធ្លាយរកកលនឹងដួលពេលមានខ្យល់ម្ដងៗ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវជំនួយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា មានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ។

លោក ថៃ វ៉ាន់ធី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមានសេចក្ដីរីករាយយ៉ាងខ្លាំង និងសូមគោរពអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់ផ្ទះថ្មីនេះដល់អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត ហើយសូមប្ដេជ្ញាចិត្តគាំទ្រសម្ដេចអស់មួយជីវិត ដើម្បីសម្ដេចតេជោបន្តដឹកនាំប្រទេសកម្ពុជាក្នុងសន្តិភាព និងការអភិវឌ្ឍ។

ដោយ ប៊ុន រដ្ឋា