ថ្នាក់​ដឹកនាំ​ខេត្តកំពង់ចាម​ ប្រកាសដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកព្រៃឈរ

0

កំពង់ចាម​: ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកព្រៃឈរ ដែលពិធីនេះ​ត្រូវ​បាន​ធ្វើឡើង​​នាព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក​ មន្ត្រីរាជការ ការិយាល័យជំនាញ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ និង​លោក​មេឃុំ​ មេភូមិ​ ជាច្រើន​រូប​ ផង​ដែរ​។

ថ្លែងក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម​ ប្រធាន​​ក្រុមប្រឹក្សា​ខេត្ត​ បាន​លើក​ឡើង​ថា​ ការ​ ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ធានាដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដែលនៅកៀកជិតប្រជាពលរដ្ឋ​ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ​ សម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន​ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ក្នុងឱកាសនោះដែរ ឯកឧត្តម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលស្រុក ដែលបានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពាក់ព័ន្ធ​ និងដំណើរការធ្វើសមាហរណកម្មមន្ត្រីរាជការ នៃការកែទម្រងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថ្មីនេះ។
ជាមួយគ្នា​នោះ​ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ក៏បានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពធ្វើការ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ​ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី​ ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ​ ៕