មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ និងអង្គការដៃគូសហការ

0

សៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបាននរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ( ក.ក.ប.ផ.ទ.អ ) ។

ក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក តំណាងអង្គការដៃគូរអភិវឌ្ឍន៍នានាដែលធ្វើការក្នុងផ្នែកទឹកស្អាត និងលើកកម្ពស់អនាម័យជនបទផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ ។ ដោយមើលឃើញច្បាស់អំពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាលដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីសម្រេចឲ្យបាននូវអត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% នៅឆ្នាំ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។

លោក ង៉ាន់ ភិរុណ បន្ថែមថា ជាមួយគ្នានេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចនូវគោលដៅខាងលើនេះ ហើយលើសពីនេះទៅទៀតស្ថាប័នពាក់ព័ន្ធ និងអង្គការនានាទាំងអស់ ក្នុងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ គឺជាចំណែកមួយដែលមិនអាចខ្វះបាន ក្នុងការចូលរួមនូវគ្រប់សកម្មភាពនេះ ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមក្នុងការអនុវត្តការងារ ធ្វើយ៉ាងណាដើម្បីជម្រុញឲ្យការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅខេត្តសៀមរាបទទួលបានជោគជ័យ ។ ក្នុងនោះលោកក៏បានអំពាវនាវ និងស្នើសុំដល់អង្គការ ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ និងសាលារៀនឲ្យបានគ្រប់ភូមិ ឃុំ ក្នុងខេត្តសៀមរាបទាំងមូល។

គួរបញ្ចាក់ផងដែរ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូរនានា បានសហការណ៍គ្នាយ៉ាងល្អក្នុងការជម្រុញការលើកកម្ពស់ផ្នែកទឹកស្អាត និងអនាម័យជាលទ្ធក្នុងឆ្នាំ២០១៩ គឺអត្រានៃការផ្គត់ផ្គង់ទឹកស្អាតបាន៦៦.៤០% និងអត្រាគ្របដណ្ដប់អនាម័យបាន៦៩.៦០% ។ មន្ទីរនិងសម្រចទៅតាមផែនការដែលបានគ្រោងទុក ពោលគឺនៅឆ្នាំ២០២៣ នឹងសម្រចឲ្យបាន៩០% និងនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអត្រាអនាម័យគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព ៕

ដោយ ៖ អ៊ុន ណារាជ្យ