កំពង់ចាម៖ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុកទាំង១០ របស់ខេត្តកំពង់ចាមដែលមានមន្ត្រីរាជការសរុបចំនួន ៦០៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៨៨នាក់ត្រូវបានប្រកាសដាក់ឲ្យដំណើរការរួចរាល់ហើយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
ពិធីនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកស្រីសន្ធរ និងស្រុកកំពង់សៀមដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តសមាជិកក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកមន្ត្រីរាជការ ការិយាល័យជំនាញកងកម្លាំងប្រដាប់អាវុធទាំង ៣ និងមន្ត្រីមូលដ្ឋានថ្នាក់ឃុំ-ភូមិជាច្រើនរូបផងដែរ ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក នាពេលនេះ ជាការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការផ្លាស់ប្ដូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រង រដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់ ការ ផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតជាពលរដ្ឋ មានលទ្ធភាព មានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្ដែងនានា របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ដែលជាការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការធ្វើសេចក្ដីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួនសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពធ្វើការ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។
គួរបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចុះប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង-ស្រុក១០ ក្នុងនោះមានក្រុងកំពង់ចាមស្រុកស្ទឹងត្រង់ ចំការលើ កងមាស កោះសូទិន ជើងព្រៃ បាធាយ ព្រៃឈរ ស្រីសន្ធរ និង ស្រុកកំពង់សៀម ដោយមានមន្ត្រី រាជការសរុបចំនួន ៦០៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៨៨នាក់ ផងដែរ ៕





































