សៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកប្រាសាទបាគង ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលនិងអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក និង មេឃុំ ស្មៀនឃុំទាំងអស់ក្នុងស្រុកប្រាសាទបាគង សរុបចំនួន ២១៥នាក់ ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មាន ប្រសាសន៍ថា យោងតាមសេចក្តីសម្រេចស្ដីពីការធ្វើសមាហរណកម្មបុគ្គលិកនិងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកប្រាសាទបាគង ដែលប្រកាសដាក់ឲ្យដំណើរការនាពេលនេះ គឺបានមកពីការច្របាច់បញ្ចូលពីការិយាល័យជំនាញនានានៅថ្នាក់ស្រុកសរុបចំនួន ១៣ ការិយាល័យ មានបុគ្គលិកជាក់ស្ដែងចំនួន ៥៧ រូប ក្នុងនោះស្រីចំនួន ១៦ នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងសៀមរាបនាពេលនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដើម្បីធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិកាន់តែមានភាពរឹងមាំ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដ៏ពេញលេញ ក្នុងការបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ មួយវិញទៀត ដើម្បីជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលក្រុង ក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
លោក ពិន ប្រាកដ មានប្រសាសន៍ទៀតថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ទី១. ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ , ទី២. លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈ ការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យមានការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និង ទី៣. លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
លោក ពិន បហរាកដ មានប្រសាសន៍បន្ថែមទៀតថា ផ្ដើមចេញពីមន្ត្រីទាំងអស់ដែលបានរួមបញ្ចូលគ្នានៅក្នុងរចនាសម្ព័ន្ធថ្មីនាពេលនេះ ត្រូវតែរួមសហការគ្នាមានគំនិតច្នៃប្រឌិតក្នុងការអនុវត្ត ព្រមទាំងបង្កើនសមត្ថភាពទាំងចំណេះដឹងនិងចំណេះធ្វើ ពិសេសត្រូវតែបម្រើការពារ និងថែរក្សាអ្វីដែលប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់ បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ ពិសេសត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ៕

ដោយ៖ អ៊ុន ណារាជ្យ




































