សៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ទទួលបន្ទុកបង្ការនិងពន្លត់អគ្គិភ័យបានអោយដឹងថា មានករណីអគ្គិភ័យនៅស្រុកប្រាសាទបាគងបណ្ដាលមកពីសាកទូរស័ព្ទ នឹងអាគុយផ្ទាំងសូឡា បណ្តាឲ្យទុះសេឆេះហើយម្ចាស់មិននៅដេាយទៅមើលសត្វគោដែល ចងចោលនៅឆ្ងាយពីផ្ទះ វេលាម៉ោង១៤:៣០រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិស្នាសង្គ្រាមឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកបន្តថា លំនៅដ្ឋានដែលជារបស់ម្ចាស់ឈ្មោះ សូ ឆន ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។ ក្នុងករណីនេះបណ្តាលឲ្យរងការខូចខាតនូវសម្ភារៈមួយចំនួនរួមមាន៖ ផ្ទះ១ខ្នងទំហំ ៤ម៉ែត្រx៥ម៉ែត្រ ដែលជាផ្ទះឈើសង់ផ្ទាល់ដីកម្ពស់ ៦ម៉ែត្រប្រក់ស្បូវជញ្ជាំងស្លឹកដូងឆេះអស់ទាំងស្រុង ,ម៉ូតូម៉ាកសង់កូរ៉េ ១គ្រឿង ,ទូរទស្សន៍ចំនួន ១គ្រឿង ,ម៉ាស៊ីនដេខោអាវ ១គ្រឿង ,ផ្ទាំងសូឡា និងអាគុយ ១ឈុត ,ស្រូវចំនួន ២២ការ៉ុង ,ក្រវិលមាស ៧ ហ៊ុន ,ប្រាក់ខ្មែរ ចំនួន១០ ម៉ឺនរៀល ,សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី និងសំភារះប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមិនអាចទៅជួយអន្តរាគមន៍អោយបានទាន់ពេលវេលាទេដោយសារផ្ទះកើតហេតុនៅឆ្ងាយពីទីប្រជុំជន និងមានចម្ងាយផ្លូវប្រមាណ ១៥គីឡូម៉ែត្រពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងទៅកន្លែងកើតហេតុហើយស្ថានភាពផ្លូវមិនអំណោយផលដែលពិបាកក្នុងការជួយសង្រ្គោះ ៕

ដោយ៖ អ៊ុន ណារាជ្យ



































