ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំការសាងសង់ផ្ទះជូនអតីតយុទ្ធជនពិការ ជាអំណោយសម្ដេចតេជោ ហ៊ុន សែន

0

ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ចើញ ចុះសាកសួរសុខទុក្ខនិង លើកទឹកចិត្តនិង អតីតយុទ្ធជនពិការ ក្នុងឱកាស ដឹកនាំសាងសង់ផ្ទះ មួយខ្នង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

អតីតយុទ្ធជនពិការ ទទួលបានការ លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់លោក ពលបាលឯក ឈួន រ៉េត ដែលពិការសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជន ត្រូវរបួសពីការជើងក្នុងសមរភូមិភ្នំវែង ខេត្ត​បាត់ដំបង​ នៅឆ្នាំ១៩៩២ បច្ចុប្បន្នមានកូន ៤នាក់ នៅក្នុងបន្ទុក រស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ចើញចុះសាកសួរសុខទុក្ខ លោក ឈួន រ៉េត អាយុ៥២​.ឆ្នាំ អតីតយុទ្ធជនពិការនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសិក្សាស្វែងយល់ពី ជីវភាព រស់នៅ ក្នុងស្ថានភាពលំបាកខ្វះខាត ដែលមានជម្រកស្នាក់នៅ មិនសមរម្យរស់នៅ ក្នុងខ្ទមស្លឹកតូចចង្អៀតក្នុងជីវភាពទីទ័លក្រ

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា លោកពលបាលឯក ធ្លាប់ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពកងពលធំ១៩៦ មានឋានៈ ជាប្រធានកងអនុសេនាតូច និង ទទួលបានផ្ទះថ្មីមួយខ្នង ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនគាត់មានឈើច្រត់១គូ អង្ករចំនួន៥០គីឡូក្រាម មីចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំពិតជាមានការកក់ក្ដៅ និងយកចិត្តទុកដាក់ ពីគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ និងលើកទឹក ចិត្តផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនយុទ្ធជនយើង ដែលមានការខ្វះខាតនៅតាមមូលដ្ឋាន​ នៅគ្រប់ទីកន្លែង។

ដោយ ប៊ុន រដ្ឋា