កំពង់ចាម៖ ដេីម្បីជាការលេីកទឹកចិត្តដល់ក្មួយៗកុមារកំព្រាឲ្យមានការខិតខំរៀនសូត្រក្រេបជញ្ជក់យក ចំណេះដឹងដើម្បីយកទៅកសាង អនាគតខ្លួនឯងផងនោះ នៅថ្ងៃទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈឆ្នាំ២០២០នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានផ្កល់អាហារយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់ក្មួយៗ ដែលជាកុមារកំព្រានៃមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ព្រមទាំងបានសន្យាថានឹងផ្តល់អាហារ ពិសេសនៅថ្ងៃ ៨មីនា និង ថ្ងៃជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាបន្តបន្ទាប់នាថ្ងៃខាងមុខផងដែរ ។
លោក នៅ វណ្ណៈ ប្រធានមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។
ជាមួយ គ្នា នោះ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារក្នុងមណ្ឌលសរុប ៧៣នាក់ ក្នុងនោះកុមាររៀនខាងក្រៅ១០នាក់ ផ្នែកអគ្គិសនី ៣នាក់ ផ្នែកលេខាធិការ ៥នាក់ និងផ្នែករីសីប២នាក់ផងដែរ ។ ដោយឡែកមន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែលកំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន ៖ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់ ។ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ ដើម្បីថ្ងៃអនាគត ។ ទំនេរពីការសិក្សាមេដោះបាននាំកុមារដាំដំណាំ បន្លែ ស្ពៃក្ដោប ផ្កា ខាត់ណា ស្ពៃខៀវ ត្រកួន ពោត និង ដំឡូង ព្រមទាំង ចិញ្ចឹមមាន់ ទា និងត្រីផងដែរ ៕





































