សៀមរាប៖ ព្រះវិហារវត្តសុវណ្ណមុនីសោភ័ណ (ហៅវត្តស្ពានត្នោត) ភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាផងដែរ ។ បើយោងតាមរបាយការណ៍ របស់គណកម្មការវត្ត ព្រះវិហារវត្តស្ពានត្នោតត្រូវបានកសាងថ្មីទាំងស្រុងក្នុងរយៈពេលរយៈពេលជាង២ឆ្នាំប៉ុណ្ណោះ ដោយចំណាយបច្ច័យអស់ជាង ២៥ម៉ឺនដុល្លាអាមេរិក ដែលបានមកពីកម្លាំងសទ្ធានៃពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធសាសនូបត្ថម្ភជិតឆ្ងាយក្នុងស្រុកផងដែរ ។
ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមានោះ នឹងបានវាយតម្លៃថា នេះគឺជាការកសាងមួយក្នុងល្បឿនយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងការកសាងព្រះវិហារនៃបណ្តាអារាមព្រះពុទ្ធដទៃទៀត ក្នុងខេត្តសៀមរាប ។
ឯកឧត្តម ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ក៏បានឆ្លុះបង្ហាញឲ្យដឹងដែរថា ៖ ការរីកចម្រើនលើវិស័យពុទ្ធចក្រក្រោយឆ្នាំ១៩៧៩ ឬក៏អាចនិយាយបានថា ក្រោយពីកម្ពុជាប្រជាធិបតេយ្យរបបប្រស័យពូជសាសន៍បំផ្លិចបំផ្លាញប្រទេសជាតិដល់ឬសគល់នោះ ការីកចម្រើនវិស័យពុទ្ធចក្រ ក្នុងសម័យកាលព្រះរាជាណាចក្រកម្ពុជាទី២ គឺមានសន្ទុះជឿនលឿនខ្លាំង ដោយស្ថិតលើកត្តានៃការដឹកនាំប្រទេសជាតិដ៏ឈ្លាសវៃ របស់ប្រមុខនៃរាជរដ្ឋាភិបាល ( សម្តេចតេជោ ហ៊ុន សែន ) ស្ថាបនិកសន្តិភាព ។ កត្តាជីវភាពរបស់ប្រជាជន និងការគោរពបូជាដោយជំនឿរបស់ពុទ្ធបរិស័ទ ក៏ជាកត្តាសំខាន់ផងដែរ លើវឌ្ឍនភាពនៃវិស័យពុទ្ធចក្រ ។ លោកថា ពីសង្គមចាស់ ការកសាងព្រះវិហារនីមួយៗ ត្រូវចំណាយពេលវេលារាប់តំណរនៃចៅអធិការ តែសម័យបច្ចប្បន្ន ក្នុងជំនាន់ចៅអធិការតែមួយអង្គ អាចនឹងសម្រេចបាន នូវការកសាងព្រះវិហារថ្មី ។ នេះជាការអះអាងដោយយោងតាមតថភាពសង្គម ។

ខេត្តសៀមរាប វិស័យពុទ្ធសាសនា មានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌វិន័យ ក៏ដូចជាវិស័យពុទ្ធិកសិក្សា ។ រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនា ហើយបានកំណត់ទុកក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានទីអារាមព្រះពុទ្ធសាសនាចំនួន ២៤៩ វត្ត និង ១៩ អាស្រម មានព្រះសង្ឃគង់នៅក្នុងពុទ្ធមណ្ឌលទាំងនោះប្រមាណជាង ៤ ០០០ អង្គ ។ នៅក្នុងពិធីនោះ គណអធិបតី នឹងក្រុមការងាររួមដំណើរ ចូលបច្ច័យក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តស្ពានត្នោត ជិត ១១ លានរៀល ៕

ដោយ៖ អ៊ុន ណារាជ្យ




































