ត្បូងឃ្មុំ៖ តាមប្រភព ព័ត៏មាន ល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទ ល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្ម អំពើហិង្សាក្នុង គ្រួសារនិងបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលក្នុងនាមជា សមត្ថកិច្ចតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងចាត់វិធានការបង្ក្រាបទៅតាមផ្លូវច្បាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែផ្ទុយទៅវិញបច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន ពិសេសនៅក្នុងខេត្តត្បូងឃ្មុំ ល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗ ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពុំបានធ្វើតាមតួនាទីជាសមត្ថកិច្ចរបស់ប្រជាជនឡើយហាក់បីដូចជាមិនអើពឺក៏ដូចជាមិនឈឺក្បាលហាលថ្ងៃនោះឡើយប្រៀបបានដូចជាអោបដៃឈរមើលអំពើខុសច្បាប់ទៅវិញ។ ជាក់ស្ដែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកលេងដុះស្លែទៅហើយ តែប៉ុន្ដែពុំទាន់ឃើញមានសមត្ថកិច្ចណាម្នាក់ដែលមានសមត្តភាពហ៊ានបង្ក្រាបនៅឡើយទេនៅថ្ងៃទី១៤ ខែកុម្ភ:ឆ្នាំ២០២០ កន្លែងលេងល្បែងស៊ីសងនេះបើកឲ្យលេងខាងក្រោយវត្តទន្លេបិទស្ថិតក្នុង ភូមិជីរ៉ូ ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ និងថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ២០២០នេះប្ដូរទីតាំងមកលេងនៅក្នុងភូមិឡត៍កំបោ ឃុំជីរ៉ូ ស្រុកនិងខេត្តត្បូងឃ្មុំ។
នៅក្នុងនោះគេសង្កេតឃើញមានវង់អាប៉ោងដ៏ធំដែលមានមេបាញ់ឈ្មោះម៉ាប់ បាញ់ស្លាស់គ្នាជាមួយមេអាប៉ោងម្នាក់ទៀតឈ្មោះម៉ាប់ដូចគ្នាកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ក្រោមការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ។ជាពិសេសគឺភាពមិនអើពើពីលោកឧត្តមសេនីយ៍ទោ ប៉ែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំនេះតែម្ដង។ប្រជាពលរដ្ឋរិះគន់និងលើកឡើងថាសង្វៀនជល់មាន់ស្ថិតក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ឈ្មោះ ហានកាងសង្វៀនជល់មាន់ចំនួន៤កន្លែង ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូនយូរខែ ឆ្នាំមកហើយដែលភ្នាល់គ្នាក្នុង១គូៗចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះ មានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់ របរគ្រឿងអល័ង្កាជាច្រើនទៀតដោយសារតែការភ្នាល់ល្បែងនៅទីតាំងមួយនេះ។ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាចកើតមាន បទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភព្រោះមានពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លីនិងជំពាក់បំណុលគេ ជុំទិសទៀតផង។ ដោយសារការព្រួយបារម្ភ ពីបញ្ហាអសន្តិសុខសង្គមដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទទើបប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យអភិបាលខេត្តត្បូងឃ្មុំ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយសមត្តភាពនិងប្រសិទ្ធិភាពផងដែរ។
ដោយ៖ប៊ុន វាសនា