លោកស្រី ម៉ែន សំអន ៖គណបក្សប្រជាជនកម្ពុជាបានបំពេញតួនាទីជាគណបក្សដឹកនាំប្រទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត

0

ស្វាយរៀង៖លោកស្រីកិត្តិសង្គហបណ្ឌិតមម៉ែន សំអនសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀងបានថ្លែងថា គណបក្សប្រជាជនកម្ពុជាយើងបានបំពេញតួនាទីជាគណបក្សដឹកនាំប្រទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយធានាគ្រប់ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិប្រព្រឹត្តទៅយ៉ាងល្អ ធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន។

ការថ្លែងរបស់លោកស្រីម៉ែន សំអនយ៉ាងដូច្នេះនៅក្នុងឱកាសបិទ កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តភារកិច្ចរបស់ក្រុមការងារ គណៈកម្មាធិការ កណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី ៧ លើកទី ៤និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី ៧ លើកទី ៥“នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ដែលសមាជកសមាជិការគណបក្សចូលរួម៧៦៤នាក់។

លោកស្រីម៉ែន សំអនបានថ្លែងនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាជូនអង្គពិធីទាំមូលផងដែរ។

លោកស្រីថា សូមអបអរសាទរ និងកោតសរសើរ ចំពោះលទ្ធផលដ៏ល្អប្រសើរ ដែលក្រុមការងាររួមជាមួយថ្នាក់ ដឹកនាំគណបក្សគ្រប់ថ្នាក់ បានបំពេញទទួលបានជាបន្ដបន្ទាប់ ពិសេសការរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ   និងការអនុវត្តដោយជោគជ័យនូវការអភិវឌ្ឍ លើគ្រប់វិស័យ តាំងពីថ្នាក់ខេត្ត រហូតដល់ស្រុក ឃុំ-សង្កាត់ និងភូមិទូទាំងខេត្ត។ កិច្ចការដ៏ប្រពៃនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និងបង្កើនបាននូវជំនឿជឿកាន់តែរឹងមាំថែមទៀតលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីថាសភាពការណ៍កម្ពុជាឆ្នាំ ២០២០នៅតែផ្ដល់ភាពអនុគ្រោះដល់គណបក្សក្នុងការបន្ដអនុវត្តន៍កម្មវិធីនយោបាយ ដើម្បីកសាង និងការពារមាតុភូមិ ឱ្យបានសម្រេចសមិទ្ធផលធំៗថ្មីៗថែមទៀតជូនជាតិ ទោះបីជាយើងនៅមានបញ្ហាប្រឈមមួយចំនួនក្ដី។

លោកស្រីបានបញ្ជាក់ថា លើសពីនេះទៀត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធយើងខ្លះមានសុទិដ្ឋិនិយមជ្រុល ភ្លេចខ្លួន ធ្វេសប្រហែស ហើយប្រព្រឹត្តកំហុសផ្សេងៗ  ដូចជាប្រើប្រាស់អំណាចបំពានច្បាប់ ប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់ប្រជាជនជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើគណបក្ស និងរាជរដ្ឋាភិបាល  កម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី ហ៊ុន សែនជាប្រមុខ។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវលុបបំបាត់អំពើដែលខុសឆ្គងនិងភាពអសកម្មចំពោះបក្សនិងប្រជាពលរដ្ឋនៅមូលដ្ឋាន រួមគ្នាដោះស្រាយឱ្យបានល្អប្រសើរ។

លោកស្រីថា ចាប់ពីពេលនេះ រហូតទៅដល់ការបោះឆ្នោត ឆ្នាំ ២០២២ និង ២០២៣  គណបក្សប្រជាជនកម្ពុជាបាន និងកំពុងប្រមូលផ្តុំលើការងារសំខាន់ៗ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ អនុវត្តន៍កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពនៃសេវាសាធារណៈ ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ។លោកស្រីម៉ែន សំអនបានធ្វើការណែនាំដល់សមាជិកសមាជិការគណបក្សត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធភាពចំនួន៩ចំណុច

ទី១.ត្រូវពង្រឹងការងារ អប់រំ សតិអារម្មណ៍ នៅសាខាគណបក្សគ្រប់ថ្នាក់នីមួយៗ

ទី២.ត្រូវបន្ដលើកកម្ពស់សុវត្ថិភាព សណ្តាប់ធ្នាប់ សន្ដិសុខសង្គម និងការពារសន្តិភាពតាមរយៈការអនុវត្តវិធានការណ៍ច្បាប់ដ៏ម៉ឺងម៉ាត់។

ទី៣.បន្ដរួមគ្នាជំរុញការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ស្របតាមបាវចនា “កែ ទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” និងអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

ទី៤.ជម្រុញការផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ក្នុងគ្រប់ស្រទាប់ប្រជាជនឱ្យបានយល់ច្បាស់ អំពីសភាពការណ៍រីកចម្រើន និងសមិទ្ធផលធំៗរបស់ប្រទេសជាតិ។

ទី៥.លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តភារកិច្ច របស់គណបក្សដោយប្រកាន់ខ្ជាប់គោលការណ៍ “សមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ”។

ទី៦.ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង និងកសាងពង្រីកសមាជិកគណបក្សតាមគោលការណ៍ “រក្សាចាស់ បង្កើនថ្មី” ជាពិសេសក្នុងមជ្ឈដ្ឋាននិស្សិត កម្មករ និងយុវជន និងប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ទី៧.ត្រូវចុះពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ពិសេសការបំប៉នសមត្ថភាព ស្មារតីទទួលខុសត្រូវរបៀបរបបការងារ    តួនាទី ភារកិច្ចរបស់គណៈទាំង ៤ របស់បក្សក្រុង-ស្រុក-ឃុំ-សង្កាត់ ទូទាំងខេត្ត ដើម្បីបំពេញភារកិច្ចឱ្យបានល្អ។

ទី៨.ជម្រុញសមាជិកគណបក្សទៅចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២០ ឱ្យបានគ្រប់ៗគ្នា ។

ទី៩.ត្រូវពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឃុំ-សង្កាត់ តាមរយៈការពង្រឹងសម្ថភាពជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងស្មៀនឃុំ សង្កាត់ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕