ព្រះពុទ្ធរូបបរិនិព្វានអង្គធំ តំលៃ៨០០០ដុល្លាសហរដ្ឋអាមេរិច ត្រូវបានព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តភ្នំដាច់ ធ្វើបុណ្យពុទ្ធាភិសេក ទុកជាទីសក្ការៈបូជា ដល់ពុទ្ធបរិស័ទ ដែលមានសទ្ធាជឿជាក់លើគុណព្រះសម្មាសម្ពុទ្ធ

0

ព្រះវិហារ៖ ព្រះសង្ឃ អាចារ្យ គណកម្មការ វត្តភ្នំដាច់ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានស្រុះស្រួលគ្នាជាឯកច្ឆន្ទ ធ្វើបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបបរិនិព្វានអង្គធំ សម្រាប់ទុកជាទីសក្ការៈបូជា ជូនដល់ពុទ្ធបរិស័ទមកពីទិសទាំងប្រាំបី ដែលមានសទ្ធាជឿជាក់ លើគុណព្រះសម្មាសម្ពុទ្ធ។ ក្រោមវត្តមាននិមន្តអញ្ជើញចូលរួមពីសំណាក់លោក តា ស៊ុច និមន្តមកពីខេត្តបុរីរ៉ាំ ប្រទេសថៃ នឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ យ៉ាងច្រើនកុះករ។ នៅក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៤-១៥-១៦ ខែកុម្ភះ ឆ្នាំ២០២០នេះ ក្នុងវត្តប្រាសាទបុរាណបូព៌ា (ហៅវត្តភ្នំដាច់) ស្ថិតនៅក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះក៏មានការរៀបចំដង្ហែនូវគ្រឿងសក្ការៈ មានទៀន ធូប ភ្ញីផ្កាប្រទក្សិណ ៣ជុំ មណ្ឌលព្រះពុទ្ធរូប វេរគ្រឿងសក្ការៈ ថ្វាយដល់ព្រះសម្មាសម្ពុទ្ធ និងធ្វើបទនមស្សការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងព្រះធម្មទេសនា រាប់បាត្រព្រះសង្ឃនិមន្តគោចរ ចំនួន ៤០ព្រះអង្គ។ ក្រោមកិច្ចស្រុះស្រួលគ្នាជាឯកច្ឆន្ទ រវាងព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្តប្រាសាទបុរាណបូព៌ា និងប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ទុកសម្រាប់ជាទីសក្ការៈ ដល់ប្រជាពុទ្ធបរិស័ទដែលមានសទ្ធាជឿជាក់លើគុណព្រះសម្មាសម្ពុទ្ធ។
សូមជម្រាបថា៖ ព្រះពុទ្ធរូបបរិនិព្វានអង្គធំ ដែលបានធ្វើពិធីបុណ្យពុទ្ធាភិសេក មានប្រវែងដងព្រះកាយ ៧ម៉ែត្រ៣០ និងកម្ពស់ ១ម៉ែត្រ៨០ ធ្វើអំពីថ្មភ្នំត្បែងសុទ្ធ ជាវក្នុងតំលៃ ៨០០០ដុល្លាសហរដ្ឋអាមេរិច។ នេះបើតាមសង្ឃដិកាបញ្ជាក់ឲ្យដឹង ពីព្រះភិក្ខុព្រះនាម ខោន ខាយ ព្រះសង្ឃដែលគង់នៅចាំទីអារាមវត្តប្រាសាទបុរាណបូព៌ា (ហៅវត្តភ្នំដែក)។
ព្រះភិក្ខុព្រះនាម ខោន ខាយ មានសង្ឃដីកាថា សព្វថ្ងៃ ទីអារាមនេះ នៅមានការខូចខាតច្រើន ដូចជាផ្លូវធ្វើដំណើរ នឹងសមទ្ធិផលនានា ពិសេសបញ្ហាទឹកសម្រាប់ប្រើប្រាស់ នៅក្នុងពេលមានពិធីបុណ្យទៀនម្តងៗ។ ពិព្រោះទីអារាមនេះ ទើបតែបានរៀបចំកសាងថ្មី នៅក្នុងអំឡុងឆ្នាំ២០១៣ លើផ្ទៃដីប្រមាណចំនួន ៦ហិកតា។
ក្រោមគំនិតផ្តួចផ្តើមឡើង របស់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទុកសម្រាប់ជាកន្លែងទីសក្ការៈ ជូនដល់ប្រជាពលរដ្ឋ និងមួយផ្នែកទៀតបានចូលរួមអភិរក្សនៅធនធានធម្មជាតិ ដែលមានដុះនៅលើដីចំនួន៦ហិកតានេះ ឲ្យបានគង់វង្សទៅថ្ងៃអនាគតផងដែរ៕សួនលីណា