បុរសម្នាក់ប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមប្រចាំសាលាដំបូងរាជធានីភ្នំពេញ ទៅក្រសួងយុត្តិធម៌ ដើម្បីទាមទាររកភាពយុត្តិធម៌

0

(ភ្នំពេញ)៖ បុរសម្នាក់ ដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើអយុត្តិធម៌ពីមន្ត្រីតុលាការ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមប្រចាំសាលាដំបូងរាជធានីភ្នំពេញ ទៅក្រសួងយុត្តិធម៌ ដោយលើកឡើងថា ចៅក្រមរូបនេះ បានព្រងើយកន្តើយក្នុងការចាត់ការលើសំណុំរឿងអនុវត្តដោយបង្ខំ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរដល់ស្រប់ច្បាប់។
លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។
លោកបានសរសេររៀបរាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍនា នៅក្នុងពាក្យបណ្តឹងថា សំណុំរឿងអនុវត្តនេះ បានអូសបន្លាយពេលវេលាតាំងតែពីឆ្នាំ ២០១១ មកម្លេះ ដោយសារកំហុសរបស់តុលាការអនុវត្តដែលមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី ជាពិសេសមិនបានជូនដំណឹងមកភាគីកូនក្ដីរបស់ខ្ញុំដែលជាកូនបំណុលនៃការអនុវត្តអំពីការកំណត់តម្លៃលក់អប្បបរិមា ដែលតាមច្បាប់តម្រូវឲ្យជូនដំណឹងដល់កូនបំណុល ម្យ៉ាងទៀតយោងតាមមាត្រា៤៤៤ កថាខណ្ឌទី៤ បានចែងថា ដីកាសម្រេចអនុញ្ញាតឲ្យលក់ពុំមានអនុភាពទេ បើមិនទាន់ចូលជាស្ថាពរ ដោយសារតែមូលហេតុទាំងអស់នេះហើយ ទើបសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ចេញដីកាសម្រេចលុបចោលដីកាសម្រេចអនុញ្ញាតឲ្យលក់លេខ ៣៦៧ ត.រ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ។
លោក ឃិន សាមន បានប្រាប់ទៀតថា «ការអូសបន្លាយពេលវេលាបន្តទៀត វានឹងធ្វើឲ្យខូចខាងផលប្រយោជន៍របស់ខ្ញុំបាទ ហើយបើក្នុងករណីដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយាជន៍ស្របច្បាប់របស់ខ្ញុំបាទ ខ្ញុំបាទនឹងប្តឹងលោកចៅក្រម ម៉ម ច័ន្ទវណ្ណៈ និងអ្នកពាក់ព័ន្ធទាំងអស់ទៅតុលាការ ដើម្បីទាមទារសំណងចំពោះការខូចខាត»។
មុននឹងសម្រេចចិត្តប្តឹងលោក ម៉ម ច័ន្ទវណ្ណ មេធាវីការពារសិទ្ធិជនរងគ្រោះ បានដាក់ពាក្យសុំអន្តរាគមន៍ពីឯកឧត្តម អង្គ វង្សវឌ្ឍនា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដោយសុំអន្តរាគមន៍ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យបន្តនីតិវិធីលើសំណុំរឿងអនុវត្តដោយបង្ខំលេខ ១៦ អ.វ ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១០ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចស្ថាពរលេខ ០៩ លកសព / រវ ចុះថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍ឲ្យបានឆាប់រហ័ស។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មិនទាន់ឃើញចំណាត់ការណាមួយនៅឡើយទេ។
កន្លងមកបុរសរូបនេះ ធ្លាប់បាននិយាយទៀតថា «រឿងក្តីរបស់ខ្ញុំបានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩មកម្លេះ ហើយខ្ញុំបានទទួលភាពអយុត្តិធម៌ជាង១០ឆ្នាំ ក្រោមការអនុវត្តទាំងបំពានច្បាប់របស់លោក ឌុច គឹមសន អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចលក់ដីរបស់ខ្ញុំ ដែលមានទំហំជាងមួយហិកតា ក្នុងតម្លៃថោកបំផុត គឺទាបជាងប្រាក់ ខ្ញុំជំពាក់ឈ្មោះ គង់ ហួត ទៅទៀត»។
នៅក្នុងលិខិតសុំអន្តរាគមន៍នាពេលនោះ ដែល Swift News ទទួលបាន គឺលោក ឃិន សាមន បានរៀបរាប់ថា «ខ្ញុំបាទបានដាក់ពាក្យសុំឲ្យបន្តនីតិវិធីអនុវត្តទៅលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមទទួលបន្ទុកចាត់ការលើសំណុំរឿងអនុវត្ត…រហូតមកដល់ពេលនេះ លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមទទួលបន្ទុកចាត់ការលើសំណុំរឿងអនុវត្ត មិនទាន់បានចាត់ការតាមអំណាចដីកាសម្រេចស្ថាពរលេខ ០៩ លក សព/រវ ចុះថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍ នៅឡើយទេ»។
លោកបានរៀបរាប់ប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៀតថា «សំណុំរឿងអនុវត្តនេះ បានអូសបន្លាយពេលវេលាតាំងតែពីឆ្នាំ ២០១១មកម្លេះ ដោយសារកំហុសរបស់តុលាការអនុវត្តដែលមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី។ អាស្រ័យហេតុនេះ ដើម្បីចៀសវាងការអូសបន្លាយពេលវេលាបន្តទៀត និងចៀសវាងនូវការខូចផលប្រយោជន៏របស់ភាគី ដោយសារតែអ្នកទិញតាមផ្លូវតុលាការដោយខុសច្បាប់ចាត់ចែងនូវវត្ថុ ដែលជាកម្មវត្ថុវិវាទនេះជាបន្តទៀត សូមឯកឧត្តម មេត្តាជួយអន្តរាគមន៍តាមការស្នើសុំខាងលើ ដោយសេចក្តីអនុគ្រោះ»។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងទាំងអម្បាលមាណនេះ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ Swift News នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈនេះថា «ដូចជាមានត្រាចូល និងទទួលហើយ ដូច្នេះក្រសួងនឹងបញ្ជូនទៅអង្គភាពជំនាញដើម្បីពិនិត្យសិក្សាតាមនីតិវិធីច្បាប់»។
ដោយសារអំពើអយុត្តិធម៌នេះ លោក ឃិន សាមន បាននិយាយ ប្រាប់ទៀតថា «ខ្ញំបានលក់ជ្រូក លក់គោ ដើម្បីរឿងក្តីនេះ។ គោរបស់ខ្ញុំជាង១០ក្បាល លក់ហើយ គ្មានសល់អ្វីទៀតទេ។ ដោយសារអំពើអយុត្តិធម៌បែបនេះ»។